ព័ត៌មានជាតិ

ជនជាតិចិន​បើករថយន្តស៊េរីទំនើប បុកបង្គោលភ្លើងពេញទំហឹង បណ្តាលឲ្យខូចខាតយ៉ាងដំណំ

ភ្នំពេញ: កាលពីវេលាម៉ោង១​និង០០នាទីរំលងអធាត្រ ឈានចូលថ្ងៃទី១ ខែកក្តដា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយបុរសជាជនជាតិចិនម្នាក់ បើករថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាកសូដេស ពណ៌ស ក្នុងល្បឿនយ៉ាងលឿន បានជ្រុលទៅបុកបង្គោលភ្លើងពេញទំហឹង រងការខូចខាតខ្ទេចរថយន្តអស់មួយជំហៀងខាងស្តាំ បង្កការភ្ញាក់ផ្អើលកើតឡើង នៅតាមបណ្តោយផ្លូវណតប្រ៊ីត ស្ថិតត្រង់ចំណុចស្តុបលូ៣ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុខាងលើនេះ​ គេបានឃើញរថយន្តបង្កមួយគ្រឿងស៊េរីទំនើបម៉ាក​ សូដេស​ ពាក់ផ្លាកលេខ ភ្នំពេញ 2BC5188 បើកបរតាមបណ្តោយផ្លូវណតប្រ៊ីត ទិសដៅពីជើងទៅត្បូង ខណ:បើកមកដល់ចំណុចកើតហេតុ ត្រង់កន្លែងផ្លូវងងឹត ហើយមានបង្គោលភ្លើងនៅកណ្តាលផ្លូវ ថែមទាំងអ្នកបើកបរក៏ស្រវឹងស្រាទៀត មើលអត់ឃើញ បានជ្រុលចង្កូតទៅបុកបង្គោលភ្លើង ដែលពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យបែកធុងដាក់ចំណាំងផ្លាតភ្លើង និងរថយន្តខ្ទេចអស់មួយជំហៀងផ្នែកខាងស្តាំ បានផ្ទុះពោងទៅមុខលែងរួច រងការខូចខាតយ៉ាងដំណំ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មិនបង្កឲ្យអ្នកដទៃ ឬក៏ម្ចាស់រថយន្តរងរបួសនោះទេ គ្រាន់តែខូចខាតរថយន្តនិងបង្គោលភ្លើងតែប៉ុណ្ណោះ ។ ចំណែកអ្នកបើកបរដែលជាជនជាតិចិនក៏មិនបានរត់គេចទៅណាដែរ ។

ក្រោយពេលកើតហេតុ វត្ថុតាងត្រូវបានសមត្ថកិច្ចមូលដ្ឋានចុះវាស់វែងនិងធ្វើកំណត់ហេតុ ស្ទូចទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីចាត់ការតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់