ព័ត៌មានជាតិ

សិប្បកម្មផលិតពពុះសណ្តែក ០៧ទីតាំង ត្រូវបានផ្អាកបណ្តោះអាសន្ន នៅក្នុងស្រុកខ្សាច់កណ្តាល

កណ្ដាល: យោងតាមផេកអគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ CCF បានឲ្យដឹងថា ដោយទទួលបានព័ត៌មានពីក្រុមការងារចំពោះកិច្ច ក.ប.ប. រាជធានីភ្នំពេញ នៅថ្ងៃអង្គារ ១០កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ មន្ត្រីសាខា ក.ប.ប. ខេត្តកណ្តាល ដោយមានការសហការពី មន្រ្តីមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី ដោយមានការសម្របសម្រួល និងដឹកនាំពីលោកព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានចុះត្រួតពិនិត្យទីតាំងសិប្បកម្មផលិតពពុះសណ្តែកចំនួន ០៧ ទីតាំង នៅភូមិពុកឬស្សី ឃុំពុកឬស្សី និងភូមិស្វាយអាត់ ឃុំព្រែកតាម៉ាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ គោលបំណងនៃការត្រួតពិនិត្យ គឺដើម្បីស្រាវជ្រាវស្វែងរកសារធាតុគីមីហាមឃាត់បូរ៉ាក់ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។

**ជាលទ្ធផលមន្រ្តីជំនាញបានដកហូតពពុះសណ្តែកដែលមានផ្ទុកសារធាតុគីមីហាមឃាត់បូរ៉ាក់ ចំនួន ០៧ ទីតាំង សរុបទម្ងន់ ១០៨ គីឡូក្រាម។ បន្ទាប់មក ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល បានសម្រេចផ្អាក ទីតាំងផលិតបណ្តោះអាសន្ន។

សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ ក្រុមការងារចំពោះកិច្ច ក.ប.ប. រាជធានីភ្នំពេញ បានចុះត្រួតពិនិត្យផលិតផលម្ហូបអាហារក្នុងផ្សារច្បារអំពៅ រាជធានីភ្នំពេញ។ ក្នុងសកម្មភាពនោះដែរ មន្ត្រីជំនាញបានរកឃើញ និងដកហូតពពុះសណ្តែកដែលមានផ្ទុកសារធាគីមីបូរ៉ាក់ចំនួន ២០.៥ គីឡូក្រាម។ បន្ទាប់ពីការធ្វើកំណត់ហេតុដកហូត និងសាកសួរស្វែងរកប្រភព ម្ចាស់ពពុះសណ្តែកខាងលើ បានផ្តល់ព័ត៌មានលំអិតអំពីទីតាំងផលិតពពុះសណ្តែកមកកាន់មន្រ្តីជំនាញ ដើម្បីចាត់មន្រ្តីមានសមត្ថិកិច្ចបន្តស្រាវជ្រាវរកទីតាំង និងប្រភពនៃការផលិត៕

មតិយោបល់