ព័ត៌មានជាតិ

សង្ស័យភ្លើងប្រចណ្ឌ បណ្តាលឲ្យស្រ្តីម្នាក់ ទាញកាំបិតប៉័ងតោកាប់មន្ត្រីនគរបាល ប៊ិះដាច់អាអូនតូច

កំពង់ធំ: កាលពីវេលាម៉ោង១០និង១៥នាទីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ មានករណីបុរសម្នាក់ ជាមន្ត្រីនគរបាល ត្រូវស្រ្តីម្នាក់ដែលជាស្រីស្នេហ៍ ប្រចណ្ឌបានយកកាំបិតប៉័ងតោកាប់ភ្លៅប៊ិះត្រូវដាច់ប្រដាប់ភេទ បណ្តាលឲ្យរយះ រងរបួសធ្ងន់ បង្កការភ្ញាក់ផ្អើលកើតឡើង ស្ថិតនៅក្នុងភូមិពោន ឃុំច្រនាង ស្រុកតាំងគោក ខេត្តកំពង់ធំ ។

ជនបង្កឈ្មោះ រិទ្ធ ស្រីនាង ភេទស្រី អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិដំរីជាន់ខ្លា សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។ ចំណែកជនរងគ្រោះឈ្មោះ ខៀន សុខល័ក្ខ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិតាំងក្រសៅ ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។

ករណីប្រើអំពើហិង្សាដោយចេតនាខាងលើនេះ បង្កឡើងដោយស្រីស្នេហ៍ម្នាក់ របស់ជនរងគ្រោះ ដែលត្រូវគេស្គាល់ថា ជាមន្ត្រីនគរបាលចរាចរណ៍ទើបជាប់តំណែងថ្មីនៅបម្រើការងារ ក្នុងស្រុកតាំងគោក ជនរងគ្រោះខាងលើ គឺជាមន្ត្រីនគរបាល រួមជាមួយនឹងជនសង្ស័យ គឺជាគូកំណាន់ចិត្តនឹងគ្នា ហើយជនសង្ស័យជានារីបម្រើការនៅខារ៉ាអូខេ នៅក្រុងស្ទឹងសែន ។
នៅមុនពេលកើតហេតុ ជនបង្កដឹងថាជនរងគ្រោះ ដែលជាសង្សាកំណាន់ចិត្តរបស់ខ្លួនមានស្រីថ្មី ក៏បានជិះម៉ូតូ១គ្រឿងដាក់កាំបិតបុ័ងតោនៅក្នុងកន្ត្រកម៉ូតូបានទៅឈប់ត្រង់ចំណុចកើតហេតុខាងលើ ហើយក៏បានទូរស័ព្ទហៅជនរងគ្រោះ ដែលជាសង្សារទៅជួប លុះមួយសន្ទុះក្រោយមក គេក៏ឃើញជនរងគ្រោះទៅជួបជនបង្ក ដែលពេលជួបមុខគ្នានោះ គេសង្កេតឃើញអ្នកទាំងពីរឈ្លោះប្រកែកគ្នា យ៉ាងតឹងសរសៃក ក្រោយមកគេក៏ឃើញជនបង្កកាន់កាំបិតបុ័ងតោនៅដៃ ចាប់ក្របួចកអាវបុរសជាសង្សារ រួចក៏កាប់១កាំបិតប៉័ងតោ ចំភ្លៅបណ្តាលឱ្យរយះរងរបួសធ្ងន់ ។

ក្រោយពេលកើតហេតុ នារីបង្កខាងលើ បានជិះម៉ូតូគេចខ្លួនបាត់ ចំណែកជនរងគ្រោះត្រូវបានគេដឹកបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះ។ បន្ទាប់មកសមត្ថកិច្ចក៏បានតាមចាប់ស្រ្តីដៃដល់យកមកផ្តន្ទាទោសទៅតាមនីតិវិធីផ្លូវច្បាប ៕

មតិយោបល់