ភ្នំពេញៈ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំ បានដកហូតម៉ូតូម៉ាកហុងដាស្កុបពី ១គ្រឿង របស់ជនសង្ស័យ ២នាក់ បន្ទាប់ពីពួកគេជិះធ្វើសកម្មភាពវាយ យកទូរស័ព្ទដៃពីជនរងគ្រោះ តែមិនបានសម្រេច។
ហេតុការណ៍នេះ កើតទ្បើងនៅត្រង់ចំណុចក្បែររូបសំណាកយាយពេញតាមបណ្តោយផ្លូវ៥១ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ កាលពីវេលាម៉ោង១១និង២០នាទីយប់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០។
ម៉ូតូជនសង្ស័យម៉ាក ហុងដាស្កុបពី ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1BC-4065។ ចំណែកឯជនសង្ស័យទាំងពីរបាក់ បានរត់គេចខ្លួនបាត់ស្រមោល។
ដំណើររឿង៖ នៅមុនកើតហេតុ គេឃើញជនរងគ្រោះ ២នាក់ មិនស្គាល់អត្តសញ្ញាណ បានជិះម៉ូតូ១គ្រឿង ម៉ាកអាសង់កូរ៉េ មិនចាំម៉ាកផ្លាលេខ មកឈប់ចតនៅត្រង់ចំណុចខាងលើ ។ លុះដល់វេលាកើតហេតុ ក៏លេចមុខជនសង្ស័យ ២នាក់ បានជិះម៉ូតូខាងលើ ទៅឈប់ក្បែរនោះ ហើយធ្វើសកម្មភាពវាយ ទៅលើជនរងគ្រោះ រួចកញ្ឆក់យកទូរស័ព្ទដៃមិនចាំម៉ាកមួយគ្រឿង ពីដៃជនរងគ្រោះ តែមិនបានសម្រេច។ ភ្លាមៗនោះជនរងគ្រោះ បានស្រែកឆោឡោ បណ្តាលឲ្យជនសង្ស័យភ័យស្លន់ស្លោ ក៏នាំគ្នារត់ឡើង ជិះម៉ូតូគេចខ្លួន ត្រូវបានប្រជាពលរដ្ឋ ធ្វើដំណើរតាមដងផ្លូវ ឃើញនាំគ្នាជិះម៉ូតូដេញតាមពីក្រោយ ។ រហូតទៅដល់ចំណុចក្បែរខាងជើងរង្វង់មូលវត្តភ្នំ តាមបណ្តោយផ្លូវ ៤៧ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ដោយជនសង្ស័យភ័យស្លន់ស្លោ ក៏បានដួលម៉ូតូខ្លួនចោល រួចនាំគ្នារត់គេចខ្លួនបាត់សម្រោល។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះទៅអន្តរាគមន៍ រួចយកម៉ូតូជនសង្ស័យ ទៅរក្សាទុកនៅប៉ុស្តិ៍នគរ បាលរដ្ឋបាលវត្តភ្នំ ដើម្បីធ្វើការស្រាវជ្រាវចាប់ជនសង្ស័យ យកមកធ្វើការផ្តន្ទាទោស ទៅតាមផ្លូវច្បាប់ពេលក្រោយ៕
មតិយោបល់