ព័ត៌មានជាតិ

ភ្ញាក់ផ្អើលទាំងថ្ងៃ បុរសម្នាក់ស្រវឹងស្រាចុះទឹកស្រះដោះត្រីជាប់ម៉ងលង់ស្លាប់

បន្ទាយមានជ័យៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា បុរសម្នាក់ត្រូវបានប្រជាពលរដ្ឋក្នុងភូមិប្រទះឃើញសពស្លាប់ក្នុងទឹកស្រះ បង្កឲ្យមានការភ្ញាក់ផ្អើល ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៩និង០០នាទីព្រឹក ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២០ ចម្ងាយពីផ្ទះជនរងគ្រោះ ប្រហែល២៥០ម៉ែត្រ (ស្រះនៅខាងជើងឈៀងខាងកើតផ្ទះ) នៅភូមិរហាល ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក មាស ប្ញទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា៖ ជនរងគ្រោះដែលលង់ទឹកស្រះស្លាប់នោះឈ្មោះ ជុំ សុផល ភេទប្រុសអាយុ៥៨ឆ្នាំ នៅភូមិរហាល ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

លោកអធិការបានបញ្ជាក់ថា៖ យោងតាមការបំភ្លឺរបស់ឈ្មោះ ចិប ប៉េះ អាយុ៥៨ឆ្នាំ ត្រូវជាប្រពន្ធជនរងគ្រោះបានប្រាប់ថា នៅមុនពេលកើតហេតុ វេលាម៉ោង៧ព្រឹក ថ្ងៃខែដដែល ប្តីរបស់គាត់មានបំណងចង់ទៅដោះត្រីជាប់ម៉ង ដែលដាក់នៅចម្ងាយពីផ្ទះ ប្រហែលជា២៥០ម៉ែត្រ តែគាត់បានឃាត់មិនទាន់ឲ្យទៅចាំទៅទាំង០២នាក់ ព្រោះប្តីរបស់គាត់មានសភាពស្រវឹងស្រា និយាយរួចគាត់រវល់តែដាំបាយ មិនដឹងថាប្តីទៅពីពេលណានោះទេ។ ចំណែកឯឈ្មោះ ស្វាយ ប៊ុនឈឿន ហៅឃ្លោក ភេទប្រុស អាយុ៤១ឆ្នាំ នៅភូមិជាមួយគ្នា បាននិយាយថា នៅពេលដែលគាត់កំពុងតែចងគោឲ្យស៊ីស្មៅ ឃើញឈ្មោះ ជុំ សុផល ដើរដួលមានអាការៈស្រវឹងស្រា គាត់ក៏បានឃាត់ដែរ តែជនរងគ្រោះនៅតែបន្តដំណើរ បន្ទាប់ពីចងគោហើយ គាត់បានរកមើល ឈ្មោះ ជុំ សុផល ដែរ តែមិនឃើញនឹកស្មានតែត្រឡប់ទៅផ្ទះវិញហើយ លុះវេលាម៉ោង០៨ និង២០នាទី គាត់បានទៅមើលទឹកស្រះ ឃើញធុងសម្រាប់ដាក់ត្រីអណ្តែតតែមិនឃើញមនុស្ស ពេលគាត់ចុះរាវមើល ក៏ប្រទះឃើញសពជនរងគ្រោះបានស្លាប់ក្នុងទឹកស្រះ រួចស្រង់សពយកមកប្រគល់ឲ្យប្រពន្ធ ។

លោកវរសេនីយ៍ឯក មាស ប្ញទ្ធី បានបញ្ជាក់ទៀតថា៖ក្រោយមានករណីមនុស្សលង់ទឹកស្លាប់ សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន បានបង្កើតគណៈកម្មការដើម្បីត្រួតពិនិត្យ និងធ្វើកោសល្យវិច្ច័យលើខ្លួនសព គឺពុំមានស្លាកស្នាមអ្វីទាក់ទង នឹងករណីមនុស្សឃាតនោះឡើយ តាមការសន្និដ្ឋានរបស់គ្រូពេទ្យ ជនរងគ្រោះគឺពិតជាស្លាប់ដោយសារលង់ទឹកស្លាប់ប្រាកដមែន ក្រោយពីពិនិត្យរួច សពបានប្រគល់ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

 

មតិយោបល់