ព័ត៌មានជាតិ

អាសូរណាស់! លោកយាយវ័យ៨០ឆ្នាំម្នាក់ ពិការជើងម្ខាងគ្មានកូនចៅសាច់ញាតិ លង់ទឹកប្រឡាយមុខផ្ទះស្លាប់យ៉ាងអាណោចអាធ័ម

បន្ទាយមានជ័យ: យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា លោកយាយចំណាស់វ័យ៨០ឆ្នាំ ពិការជើងម្ខាង គ្មានកូន សាច់ញាតិ ត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងទឹកប្រឡាយមុខផ្ទះ។
ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ នៅភូមិផ្សារថ្មី ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលស្រុកថ្មពួក បានឲ្យដឹងថា ៖ ជនរងគ្រោះឈ្មោះ ញឹប ខួ ម ហៅក្រៅ យាយឆ្កែ (គាត់ចូលចិត្តចិញ្ចឹមឆ្កែច្រើន) ជាអ្នកដើររើសអេតចាយ មានទីលំនៅភូមិផ្សារថ្មី ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ជាជនពិការជើងខាងឆ្វេង ហើយមានស្មារតីវង្វេង រស់នៅម្នាក់ឯង គ្មានកូនចៅ សាច់ញាតិ ចំណែកផ្ទះរស់នៅសពថ្ងៃត្រូវបានសប្បុរសជនធ្វើជូនគាត់នៅក្បែរវត្ត ។

លោកអធិការបានបញ្ជាក់ថា ៖ ដំបូងមានក្មេងបានដើរកាត់មុខផ្ទះរបស់គាត់ហើយ ក៏ប្រទះឃើញសពលោក ញឹម ខួម នៅក្នុងប្រឡាយ ហើយក៏រត់មកប្រាប់ចាស់ទុំទៅមើល និងស្រង់សពដាក់លើគោក ។ ក្រោយពីទទួលបាននូវព័ត៌មាន នគរបាលជំនាញ និងប៉ុស្តិ៍រដ្ឋបាល បានសហការណ៍ជាគ្រូពេទ្យធ្វើការពិនិត្យសពពុំឃើញមានស្លាកស្នាមអ្វីពាក់ព័ន្ធក្នុងបទល្មើសទេ ។

តាមការសន្និដ្ឋានមុនពេលស្លាប់ ជនរងគ្រោះចុះអង្កិលខ្លួនដងទឹក ហើយក៏រអិលខ្លួនធ្លាក់ចូលប្រឡាយ ដោយគ្មានអ្នកណាដឹង ម្យ៉ាងវិញទៀតគាត់ចាស់ជរា វង្វេងស្មារតីទៀត។ ក្រោយពីពិនិត្យរួច សពត្រូវបានប្រគល់ជូនអាចារ្យវត្តក្បែរផ្ទះ ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

 

មតិយោបល់