បន្ទាយមានជ័យៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ក្មេងប្រុសអាយុ១ឆ្នាំកន្លះ បានលង់ទឹកស្រះជិតផ្ទះអ្នកជិតខាង ដែលមានជម្រៅជាង១ម៉ែត្រ។ ហេតុការណ៍គួរឲ្យរន្ធត់នេះបានកើតឡើនៅថ្ងៃពុធ ៣រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង៤និង៣០នាទី នៅភូមិបឹងតូច ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
ប្រភពព័ត៌មានពីនគរបាលមូលដ្ឋានបានឲ្យដឹងថា កុមាររងគ្រោះឈ្មោះ ឆាង វិឆ័យ ភេទប្រុស អាយុ១ឆ្នាំកន្លះ មានឪពុកឈ្មោះ តឹក ឆាង អាយុ៣៣ឆ្នាំ និងម្តាយឈ្មោះ សាលឹត ស៊ីនេត អាយុ៣២ឆ្នាំ នៅភូមិនបឹងតូច ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
ប្រភពដដែលបានបញ្ជាក់ថា មុនពេលកើតហេតុ កុមាររងគ្រោះបានដើរលេងម្នាក់ឯងដោយគ្មានអ្នកមើល ឪពុករវល់ទៅមើលស្រែ ចំណែកម្តាយរវល់ងូតទឹកនៅក្នុងបន្ទប់ ពេលងូតរួចបាត់កូនមិនឃើញ នៅពេលឃើញកូនបានលង់ទឹកស្រះស្លាប់យ៉ាងអាណោចអាធម្ម នៅខាងក្រោយផ្ទះអ្នកជិតខាង ឈ្មោះ ហុក រិន ភេទប្រុស អាយុ៥២ឆ្នាំ ចម្ងាយប្រហែល៤០ម៉ែត្រ ។
បច្ចុប្បន្នសពកុមាររងគ្រោះត្រូវបានឪពុកម្តាយរៀបចំធ្វើបុណ្យតាមប្រពៃណី ទាំងក្តីអាឡោះអាល័យបំផុត ៕
មតិយោបល់