ព័ត៌មានជាតិ

សាហាវណាស់! កូនប្រុសម្នាក់ យកអង្រែថ្មប្រវែង២តឹក វាយម្តាយបង្កើតរបស់ខ្លួន បណ្តាលឲ្យរងរបួសធ្ងន់

កណ្ដាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា កើតហេតុថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១៣និង៣០នាទី នៅចំណុចភូមិព្រែកត្រែង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ជនរងគ្រោះឈ្មោះ នូ សុផារិទ្ធ ភេទស្រី អាយុ៥៦ឆ្នាំ ជនជាតិខ្មែរទីលំនៅភូមិព្រែកត្រែង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ម្តាយបង្កើត) មុខរបរ កសិករ (រងរបួសពកក្បាលខាងស្តាំ) ។ ជនសង្ស័យឈ្មោះ រ៉ែន បញ្ញា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិព្រែកត្រែង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ឃាត់ខ្លួន) ។

វត្ថុតាងចាប់យករួមមាន៖ ១.ដាវកែច្នៃ ចំនួន០១ផ្លែ ដែកដងដែកមានប្រវែង០,៧២ម៉ែត្រ។ ២.ដែកទីបមូលប៉ុនកដៃក្មេងប្រវែង០,៨២ម៉ែត្រ ។ ៣.ជំពាមកៅស៊ូចំនួន០២ (ដែក០១ដើម,ឈើ០១ដើម)

សភាពរឿងហេតុ កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង២១និង១៥នាទីយប់ជនសង្ស័យបានផឹកស្រាស្រវឹងពេលដល់ផ្ទះរបស់ខ្លួនវិញបានគំរាមរកសម្លាប់ និងដេញកាប់ជនរង
គ្រោះ (ម្តាយបង្កើត) តែត្រូវបានឪពុកឃាត់មិនឲ្យកាប់ ។ លុះដល់ថ្ងៃខែឆ្នាំកើតហេតុខាងលើ ជនរងគ្រោះបានអង្គុយអង្រឹងក្រោមផ្ទះស្រាប់តែឃើញជនសង្ស័យដើរចូលមកក្រោមផ្ទះ ដោយស្រវឹងស្រាជោក ពេលមកដល់ជនសង្ស័យបានដេញជនរងគ្រោះ(ម្តាយ)ចេញពីផ្ទះ តែជនរងគ្រោះមិនបានចេញពីផ្ទះទេ ហើយបាននិយាយទៅវិញថា អ្ហែងមិនមែនម្តាយឪពុកអញ រឿងអី ដេញអញចេញពីផ្ទះ ពេលឮដូច្នេះជនសង្ស័យបានដើរសំដៅចូលផ្ទះបាយទាញយកអង្រែថ្មប្រវែងប្រហែល២តឹកមកវាយក្បាលជនរងគ្រោះកំពុងអង្គុយលើអង្រឹងក្រោមផ្ទះត្រូវពីរ (០២) អង្រែបណ្តាលឲ្យហើមក្បាលខាងស្តាំ ។ លុះដល់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១៥និង១៥នាទីជនរងគ្រោះ បានមកដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំ ដាក់ពាក្យបណ្តឹង។

ក្រោយពីទទួលពាក្យបណ្តឹងភ្លាមកម្លាំងប៉ុស្តិ៍បានចុះដល់ចំណុចកើតហេតុ ដើម្បីពិនិត្យទីកន្លែងកើតហេតុ ធ្វើការឃាត់ខ្លួនជនសង្ស័យនិងចាប់យកវត្ថុតាងខាងលើ យកមកប៉ុស្តិ៍នគរបាលសំរោងធំ ដើម្បីសាកសួររួច បញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីកសាងសំណុំរឿង និងចាត់ការតាមនីតិវិធី ៕

មតិយោបល់