ព័ត៌មានជាតិ

ប្រុងប្រយ័ត្នផង! មន្ត្រីជំនាញរកឃើញពពុះសណ្ដែក មានផ្ទុកសារធាតុគីមី

ភ្នំពេញ: នៅថ្ងៃព្រហស្បតិ៍ ៤រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ ក្រុមការងារចំពោះកិច្ច ក.ប.ប. រាជធានីភ្នំពេញ ដោយមានការសហការពី មន្ត្រីមន្ទីរពាណិជ្ជកម្មរាជធានី និងអាជ្ញាធរដែនដីខណ្ឌមួយចំនួន បានចុះធ្វើសកម្មភាពនៅតាមបណ្តាផ្សារសំខាន់ៗ ចំនួន ៧ នៅរាជធានីភ្នំពេញមានដូចជា៖ ផ្សារអូរឬស្សី ផ្សារធំថ្មី ផ្សារដើមគរ ផ្សារអូរឡាំពិក ផ្សារបឹងកេងកង ផ្សារជម្ពូវន្ត និងផ្សារពិភពថ្មីកំបូល។

គោលដៅសំខាន់នៃការត្រួតពិនិត្យគឺដើម្បី ស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា និងផុតកំណត់កាលបរិច្ឆេទប្រើប្រាស់។

ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើតេស្តបឋមទៅលើផលិតផលម្ហូបអាហារចំនួន ៤៥ គំរូ ដើម្បីរកសារធាតុគីមីហាមឃាត់ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។ ជាមួយគ្នានោះ មន្ត្រីជំនាញ បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ ។

* ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញ ពពុះសណ្ដែក មានផ្ទុកសារធាតុគីមីហាត់ឃាត់បូរ៉ាក់ (Borax) ចំនួន ៣៧.៩ គីឡូក្រាម។ មន្រ្តីជំនាញបានធ្វើកំណត់ហេតុដកហូតផលិតផលទាំងនោះ មករក្សាទុកដើម្បីដុតកម្ទេចចោលនាពេលក្រោយតាមនីតិវិធី និងបានធ្វើការណែនាំដល់អាជីវករ ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

មតិយោបល់