បន្ទាយមានជ័យៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ព្រោះតែចង់បានការប្រាក់ខ្ពស់ ស្ត្រីម្នាក់ នៅភូមិប៉ោយចារ ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បានចាញ់បោកបុរសម្នាក់ ដែលធ្លាប់ទំនាក់ទំនងស្គាល់គ្នាតាម Facebook អស់លុយចំនួន៨,១០០ដុល្លា ហើយក៏បានមកប្តឹងនគរបាលស្រុកភ្នំស្រុក ដើម្បីជួយស្រាវជ្រាវ រកជនឆបោកមកផ្តន្ទាទោស នៅវេលាម៉ោង៨ព្រឹក ថ្ងៃសុក្រ ៥រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០នេះដែរ ។
លោកវរសេនីយ៍ឯក យ៉ត សុផល អធិការនគរបាលស្រុកភ្នំស្រុក បានឲ្យដឹងថា ៖ ស្ត្រីដែលរងគ្រោះក្នុងអំពើឆបោកនោះ ឈ្មោះ ដួង សុគន្ធាវី ហៅផួង អាយុ៣៧ឆ្នាំ នៅភូមិប៉ោយចារ ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាមានជ័យ ។
លោកអធិការបានបញ្ជាក់ថា ៖ តាមការរៀបរាប់បំភ្លឺពីស្ត្រីរងគ្រោះ បានប្រាប់សមត្ថកិច្ចថា គាត់បានស្គាល់បុរសនោះតាមគណនី Facebook ឈ្មោះ វាសនាអ្នករកស៊ី និងមានទំនាក់ទំនងជាមួយគ្នាអស់រយៈពេលជិតមួយឆ្នាំកន្លងមកហើយ គឺទុកចិត្តរាប់អានគ្នាដូចបងប្អូនតែពុំដែលបានឃើញ និងស្គាល់មុខគ្នាផ្ទាល់ទេ តែគេបានប្រាប់ថានៅខេត្តស្ទឹងត្រែង ។ បន្ទាប់មកនៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២០ គណនី Facebook ឈ្មោះ វាសនាអ្នករកស៊ី បានទាក់ទងតាមទូរសព្ទដែលមានលេខ ០៩៧ ២៦៨ ៤៣០០ ខ្ចីប្រាក់គាត់ចំនួន៨,១០០ដុល្លា ដោយបុរសនេះ បាននិយាយប្រាប់ថាខ្លួនគេដឹកឈើចូលទៅប្រទេសវៀតណាម ត្រូវបានគេចាប់ ហើយក្នុងលុយចំនួន៨,១០០ដុល្លានោះ គេឲ្យការប្រាក់០១ថ្ងៃ៥,០០០បាត ដោយអាងថារាប់អានគ្នា និងទំនាក់ទំនងគ្នាជិត០១ឆ្នាំ ហើយគេឲ្យថ្លៃការប្រាក់ដល់ទៅ៥,០០០បាតក្នុង០១ថ្ងៃផងនោះ គាត់ក៏យល់ព្រមឲ្យខ្ចី និងវេរលុយតាមវីងឲ្យគ្រប់ចំនួន៨,១០០ដុល្លា តាមដែលគេខ្ចី ។លុះបានរយៈពេល០១ថ្ងៃខ្លួនបានទាក់ទងទៅលេខទូរស័ព្ទដដែលមិនចូល ចំណែកគណនី Facebook ក៏ប្លុកចោលអស់ ទើបដឹងខ្លួនថាចាញ់បោកបុរសនោះ ៕
មតិយោបល់