ភ្នំពេញៈ រថយន្តដឹកឥដ្ឋមួយគ្រឿង ខណៈដែលកំពុងបើកបរ ស្រាប់តែមានរថយន្តដឹកឥដ្ឋមួយគ្រឿងផ្សេងទៀត បើកមកវ៉ាជែងពីខាងស្តាំ ជ្រុលមកកៀររុញចូលក្នុងប្រឡោះទ្រូងផ្លូវដែលកំពុងសាងសង់ បណ្តាលឲ្យដាច់កង់មុខ ទ្រូងផ្លូវបែកបាក់អស់ជាង ១០ម៉ែត្រ រីឯរថយន្តបង្កព្យាយាមបើករត់គេចចម្ងាយជាង ៣គីឡូម៉ែត្រ ទើបឃាត់បាន សុទ្ធតែអ្នកស្គាល់គ្នា ។
ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង ១១និង១៥នាទីព្រឹក ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ នៅតាមផ្លូវជាតិលេខ៣ ភូមិអង្គត្រគៀត សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។
រថយន្តរងគ្រោះម៉ាក FUSO ពណ៌ស ទ្រុង ពាក់ស្លាកលេខ ភ្នំពេញ 3F-0801 ដឹកឥដ្ឋ រងការខូចខាត ដាច់កង់ខាងមុខខ្ទេចអស់ហើយ ។ ចំណែករថយន្តបង្ក គ្រាន់តែដឹងថាម៉ាកហ៊ីយ៉ាន់ដាយ ទ្រុង ដឹកឥដ្ឋដូចគ្នា ចេញពីឃុំព្រែអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ដូចគ្នា ។
តាមពលរដ្ឋឃើញហេតុការណ៍បានឲ្យដឹងថា មុនកើតហេតុ រថយន្តរងគ្រោះ បើកតាមផ្លូវជាតិលេខ៣ ពីជើងទៅត្បូង បើកអៀបស្របជាប់នឹងទ្រូងផ្លូវ លុះដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបង្ក ដឹកឥដ្ឋដូចគ្នា បើកស្របទិស តែវ៉ាជែងពីខាងស្តាំ មិនផុតបែរជាកៀររថយន្តរងគ្រោះរុញចូលទៅទ្រូងផ្លូវ ដែលក្រុមហ៊ុនចិនកំពុងសាងសង់ បណ្តាលឲ្យបាក់ បែកអស់ជាង ១០ម៉ែត្រ ដាច់កង់ទៅមុខលែងរួច ជាប់ក្នុងប្រឡោះទ្រូងផ្លូវ តែមិនបង្កឲ្យមានអ្នករងរបួសឡើយ រីឯរថយន្តបង្ក បន្ថែមល្បឿនបំណងរត់គេច បានចម្ងាយជាង ៣គីឡូម៉ែត្រ ទើបសមត្ថកិច្ចតាមឃាត់បាន សុទ្ធតែរថយន្តស្គាល់គ្នា ចេញពីឃុំព្រែកអញ្ចាញដូចគ្នា ។
ក្រោយកើតហេតុ ខណៈដែលគ្មានអ្នករងរបួស តំណាងភាគីរថយន្តបង្ក ចេញមុខមកសម្របសម្រួល ចេញសងទៅខាងរថយន្តរងគ្រោះ និងសម្រួលជាមួយក្រុមហ៊ុនធ្វើផ្លូវជាតិលេខ៣ ដោយចេញសងថ្លៃខូចខាតទ្រូងផ្លូវ របស់ក្រុមហ៊ុនចិន ដែលកំពុងសាងសង់ ដើម្បីបញ្ចប់រឿង ៕
មតិយោបល់