កណ្តាលៈ ថ្ងៃចន្ទ៨រោច ខែអាសាឍ ឆ្នាំជូត ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ មានករណីហិង្សាដោយចេតនា បង្កឡើងដោយបុរសម្នាក់ យកដុំថ្មគប់ទៅលើជនរងគ្រោះ ដែលជាជំនួយការស្មៀនម្នាក់ បណ្តាលឲ្យបែកក្បាលហូរឈាម កាលពីវេលាម៉ោង១៦និង២៥នាទី នៅចំណុចភូមិផ្សារដែកក្រោម ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះ សំ សាវ៉េត ភេទប្រុស អាយុ៦៤ឆ្នាំ ជនជាតិខ្មែរ មុខរបរជំនួយការស្មៀន មានទីលំនៅភូមិធម្មត្រ័យ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល (ពិការដៃខាងធ្វេង) ។ ចំណែកជនសង្ស័យឈ្មោះ សឿន ស៊ីន ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិផ្សារដែកក្រោម ឃុំផ្សារដែកស្រុក ពញាឮ ខេត្តកណ្តាល (ត្រូវឃាត់ខ្លួន)។ ជនសង្ស័យកន្លងមកធ្លាប់ជាប់ពន្ធនាគារខេត្តកំពង់ឆ្នាំងរយៈពេល៦ឆ្នាំ ពីបទប្លន់ប្រដាប់ដោយអាវុធ ។
វត្ថុតាងចាប់យក៖ បំណែកដុំថ្ម ចំនួន០២ ដុំ ។
សភាពរឿងហេតុ នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះបានមកធ្វើការជាជំនួយការស្មៀនជាធម្មតានៅសាលាឃុំផ្សារដែក បន្ទាប់ពីធ្វើកិច្ចការរួច ជនរងគ្រោះបានជិះម៉ូតូរបស់ខ្លួន ម៉ាកសង់ស៊េរីឆ្នាំ២០១៣ ចេញពីក្នុងសាលាឃុំទៅផ្ទះរបស់ខ្លួន លុះពេលជនរងគ្រោះជិះចេញដល់ចំណុចមុខខ្លោងទ្វារចេញ-ចូលសាលាឃុំ ស្រាប់តែជនសង្ស័យដែលកំពុងផឹកស៊ីនៅក្បែរនោះ បានយកបំណែកដុំថ្មគប់ទៅលើជនរងគ្រោះដែលកំពុងជិះម៉ូតូ ត្រូវចំក្បាលផ្នែកខាងឆ្វេង បណ្តាលឲ្យរងរបួសហូរឈាម ខណៈនោះដែរជនសង្ស័យក៏បានរើសយក
បំណែកដុំថ្មគប់សំដៅទៅលើជនរងគ្រោះ បន្តបន្ទាប់ទៀត ប៉ុន្តែគប់មិនត្រូវ ដោយសារជនរងគ្រោះជិះម៉ូតូរត់គេចមកកាន់ មន្ទីររពេទ្យ បង្អែកស្រុក ពញាឮព្យាបាលរបួស ។
ចំណែកជនសង្ស័យ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដែក ឃាត់ខ្លួនមានសភាពស្រវឹងស្រា រួចហើយបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធី ៕
មតិយោបល់