ព័ត៌មានជាតិ

ស្លាប់និងរបួសធ្ងន់២នាក់ជាទាហានធ្វើការនៅកងពលធំអន្តរាគមន៍លេខ ២ វរសេនាតូចកាំភ្លើងត្បាល់ ១០០DKZ ៧៥ នៅស្រុកក្រឡាញ់

សៀមរាប: យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង២និង១០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងគោយន្ដកន្ត្រៃ កើតឡើងនៅលើ ផ្លូវជាតិលេខ៦៨ ត្រង់ចំនុចចន្លោះគីឡូម៉ែត្រលេខ២០-២១ មុខការ៉ាស់សាំងឈ្មោះ ឡង ម៉ៅ ស្ថិតនៅភូមិតាប៉ាង ឃុំសែនសុខ ស្រុកក្រឡាញ់ ខេត្តសៀមរាប។

លោកវរសេនីយ៍ឯក ជី បេងជន អធិការនៃអធិការដ្ឋាននគរបាលស្រុកក្រឡាញ់បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូមួយគ្រឿងម៉ាក វ៉េវអាល់ហ្វាពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ ១J-៩៨៤៣ បើកបរឈ្មោះ អៀម ម៉ុន ភេទប្រុស អាយុ២៨ឆ្នាំ ទីលំនៅភូមិស្វាយ ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ និងអ្នករួមដំណើរម្នាក់ឈ្មោះ ក្រឹម រ៉ា ភេទប្រុស អាយុ៣៦ឆ្នាំ ទីលំនៅភូមិចង្ក្រានយក្ស ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ បើកបរក្នុងទិសដៅពីត្បូងទៅជើង (ទាំងពីរនាក់ជាទាហានធ្វើការនៅកងពលធំអន្តរាគមន៍លេខ ២ វរសេនាតូចកាំភ្លើងត្បាល់ ១០០DKZ ៧៥) បានបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នបុកគោយន្តកន្រ្តៃពីក្រោយម៉ាក់គូប៊ូតា ពណ៌ក្រហម គ្មានស្លាកលេខ ដែលកំពុងឈប់នៅចិញ្ចើមផ្លូវខាងជើងបែរក្បាលទៅទិសខាងជើង អ្នកបើកបរឈ្មោះ(មិនទាន់ស្គាល់អត្តសញ្ញាណ)។

ក្នុងហេតុការណ៍នេះ បណ្តាលឲ្យស្លាប់អ្នកបើកបរម៉ូតូ ឈ្មោះ អៀម ម៉ុន និងអ្នករួមដំណើររបួសធ្ងន់ឈ្មោះ ក្រឹម រ៉ា ខូចខាតម៉ូតូចំនួន០១គ្រឿង (ធ្ងន់)និងគោយន្តកន្ត្រៃខូចខាត (ស្រាល ) ចំនួន ០១គ្រឿង ហើយអ្នកបើកគោយន្តកន្ត្រៃបានរត់គេចខ្លួនបាត់។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះវាស់វែង ធ្វើកំណត់ហេតុ បញ្ជូនជនរងគ្រោះទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត និងប្រគល់សាកសពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។ ចំណែកវត្ថុតាង សមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកក្រឡាញ់ និងកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ៕

 

មតិយោបល់