ព័ត៌មានជាតិ

សូមប្រុងប្រយ័ត្ន! ម្ទេស ងៀតបបែល ពពុះសណ្ដែក ត្រូវមន្ត្រីជំនាញរកឃើញ ផ្ទុកសារធាតុគីមី

ស្វាយរៀងៈ យោងតាមផេកអគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF បានឲ្យដឹងថា នៅថ្ងៃពុធ ១០រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ មន្ត្រីសាខា ក.ប.ប ខេត្តស្វាយរៀង ដោយបានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងគណៈកម្មការផ្សារ បានចុះត្រួតពិនិត្យគុណភាពសុវត្ថិភាពម្ហូបអាហារ នៅផ្សារវាលយន្ត ក្នុងទីរួមខេត្តស្វាយរៀង គោលដៅសំខាន់នៃការត្រួតពិនិត្យគឺដើម្បីស្រាវជ្រាវទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់ ។

ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើតេស្តបឋមទៅលើផលិតផលម្ហូបអាហារចំនួន ២៥ គំរូ និងបន្លែ ៤០ គំរូ ដើម្បីរកសារធាតុគីមីហាមឃាត់ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។ ជាមួយគ្នានោះ មន្ត្រីជំនាញ បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ ។

* ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញម្ហូបអាហារ និងបន្លែមានផ្ទុកសារធាតុគីមី មួយចំនួន ដូចជា៖
– ម្ទេស (មានថ្នាំសំណល់កសិកម្ម)
-ស្លឹកគូឆាយ (មានថ្នាំសំណល់កសិកម្ម)
-ងៀតបបែល ចំនួន ៣០ គីឡូក្រាម (មានសារធាតុគីមីបូរ៉ាក់)
-ពពុះសណ្តែក ចំនួន ៣៥ គីឡូក្រាម (មានសារធាតុគីមីបូរ៉ាក់)

បន្ទាប់មក មន្រ្តីសាខា ក.ប.ប ខេត្តស្វាយរៀង បានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅកម្ទេចចោលតាមនីតិវិធី។ ទន្ទឹមនឹងនោះមន្ត្រីជំនាញ បានធ្វើការណែនាំដល់អាជីវករ ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

មតិយោបល់