កណ្ដាលៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា យុវជនម្នាក់ទៅឆក់ត្រីខណៈមេឃកំពុងភ្លៀងរលឹម មិនប្រយ័ត្ន បណ្ដាលឲ្យឆក់ខ្លួនឯងស្លាប់នៅក្នុងស្រះទឹក កាលពីថ្ងៃទី១២ ខែកក្កដាឆ្នាំ២០២០ លុះ៣ថ្ងៃក្រោយមក មកដល់ថ្ងៃទី១៥ ខែកក្កដាឆ្នាំ២០២០ វេលាម៉ោង៧និង៣០នាទី ទើបប្រទះឃើញសាកសពជនរងគ្រោះ ស្ថិតក្នុងភូមិព្រែកប៉ាន ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ផល ផា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ នៅភូមិព្រែកប៉ាន ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ។
វត្ថុតាងចាប់យកបានមាន៖ អាគុយចំនួន១គ្រឿង,ដងឆក់ត្រី១គូ,អាំងវែកទ័រ ១គ្រឿង ។
ប្រភពដដែលបន្តថា កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១៩និង០០នាទី ខណៈមេឃកំពុងរលឹមភ្លៀង ជនរងគ្រោះឈ្មោះ ផល ផា បានសុំម្តាយថាទៅឆក់ត្រី នៅក្នុងស្រះ រួចក៏បាត់មិនឃើញត្រឡប់មកផ្ទះវិញទេ រីឯឪពុកម្តាយនិងក្រុមគ្រួសារវិញ បានដើររកដែរ តែរកមិនឃើញទេ ។ លុះ៣ថ្ងៃក្រោយមក ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០២០ វេលាម៉ោង១៧និង៣០នាទី ទើបមានប្រជាពលរដ្ឋប្រទះឃើញ ឈ្មោះ ផល ផា ស្លាប់នៅក្នុងស្រះត្រី ដោយមាន ស្ពាយ អាគុយ អាំងវែកទ័រ និងដងឆក់ត្រី ជាប់និងខ្លួន ។
បន្ទាប់ពីទទួលបានព័ត៌មានខាងលើ ភ្លាមនោះកម្លាំងនគរបាលស្រុក សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ ដោយមានការចូលរួមពីថ្នាក់ឃុំ ថ្នាក់ភូមិ និងក្រុមគ្រួសារជនរងគ្រោះធ្វើការពិនិត្យ រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារឆក់ត្រី បណ្ដាលឲ្យឆក់ខ្លួនឯងស្លាប់ប្រាកដមែន ។
បន្ទាប់ពីពិនិត្យរួច សាកសព រងគ្រោះត្រូវបាននគរបាលជំនាញ ប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់