ព័ត៌មានជាតិ

នគរបាល​ខេត្ត​ព្រះ​សីហ​នុ​បំបែកសំណុំរឿង​ករណី​ឃាតកម្ម​គិត​ជា​មុន​ ឈានទៅឃាត់ខ្លួនបុរសម្នាក់ជាសង្សារ

ព្រះសីហនុៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា សាកសព​ស្ត្រី​ជនជាតិ​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​ក្នុង​ជង្ហុក​មួយ​កន្លែង​ ស្ថិត​នៅ​បណ្តោយ​ផ្លូវ​សែន​ជ័យ​ ភូមិ​គគី​ ឃុំ​បិត​ត្រាំ​ង​ ស្រុក​ព្រៃ​នប់​ ខេត្ត​ព្រះ​សីហ​នុ​ នៅ​ថ្ងៃ​ទី​៩​ ខែមេសា​ ឆ្នាំ​២០២១​ ។​

​សមត្ថកិច្ច​នគរបាល​ខេត្ត​បាន​ឲ្យ​ដឹង​ថា​ បន្ទាប់​ពី​ទទួល​ព័ត៌មាន​ភ្លាម​ ដោយ​មានការ​ចង្អុល​ដឹកនាំ​ពី​លោក​ឧត្តមសេនីយ៍ទោ​ ជួន​ ណា​រិ​ន្ទ​ ស្នងការ​នគរបាល​ខេត្ត​ កម្លាំង​ជំនាញ​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​ បាន​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់​ និង​កម្លាំង​អធិការ​នគរបាល​ក្រុងព្រះសីហនុ​ ដោយ​មានការ​ដឹកនាំ​សម្របសម្រួល​នីតិវិធី​ពី​លោក​ ពេញ​ ពិសិដ្ឋ​ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ​ ដើម្បី​ចុះ​មក​ពិនិត្យ​ទីតាំង​កើតហេតុ​ខាងលើ​ ជា​លទ្ធផល​ ៖

​សាកសព​ស្រី្ត​ខ្មែរ​ម្នាក់​ អាយុ​ប្រហែល​ ៣០​ឆ្នាំ​ ពាក់អាវ​យឺត​ដៃ​វែង​ ពណ៌​លឿង​​ខោ​ស្ព័​រ​កីឡា​ជើងវែង​ មាន​ស្លាកស្នាម​អា​រក​ ,​ ជាំភ្នែក​ខាងស្តាំ​ ,​ជាំ​ថ្គាម​ខាងឆ្វេង​ ,​ជាំ​បបូរមាត់​ផ្នែក​ខាងលើ​ (​សាកសព​ពុំ​ស្គាល់​អត្តសញ្ញាណ​)​ ។​

​ឆ្លង​តាម​ការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​បំផុត​ នៅ​ថ្ងៃ​ទី​០៩​ ខែមេសា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​១៥​ និង​៣០​នាទី​ សមត្ថកិច្ច​បាន​រក​ឃើញ​វិទ្យុទាក់ទង​មួយ​គ្រឿង​ ម៉ាក​ MOTOROLA​ នៅ​ក្នុង​គ្រលុក​ថ្ម​ ក្បែរ​កន្លែង​កើតហេតុ​ ។​ ការ​ស្រាវជ្រាវ​ជា​បន្តបន្ទាប់​រហូត​ដល់​សមត្ថកិច្ច​កំណត់​បាន​អត្តសញ្ញាណ​ជនសង្ស័យ​ ហើយ​បាន​ធ្វើការ​ឃាត់ខ្លួន​សង្ស័យ​ នៅ​ថ្ងៃ​ទី​១០​ ខែមេសា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​០៨​ និង​០០​នាទី​ ។​

​ជន​រង​គ្រោះ​ឈ្មោះ​ យឹ​ង​ សៅ​ ភេទ​ស្រី​ អាយុ​ ៣០​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ បុគ្គលិក​អនាម័យ​ ស្រុក​កំណើត​ភូមិ​ត្រពាំង​គគីរ​ ភូមិ​ល្បើក​ ស្រុក​ឈូក​ ខេត្តកំពត​ មាន​ទីលំនៅ​ភូមិ​៣​ សង្កាត់​៤​ ក្រុងព្រះសីហនុ​ ខេត្ត​ព្រះ​សីហ​នុ​ ។​

​ជនសង្ស័យ​ឈ្មោះ​ កែវ​ ថុ​ល​ ភេទ​ប្រុស​ អាយុ​ ៣៦​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ សន្តិសុខ​ ស្រុក​កំណើត​ភូមិ​ព្រៃ​ផ្តៅ​ ឃុំ​ភ្នំ​កុង​ ស្រុក​អង្គរ​ជ័យ​ ខេត្តកំពត​ រស់នៅ​មាន​ទីលំនៅ​ ភូមិ​៣​ សង្កាត់​៤​ ក្រុងព្រះសីហនុ​ ខេត្ត​ព្រះ​សីហ​នុ​ ។​

​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ ជនសង្ស័យ​បាន​សារភាព​ថា​ ៖​ ខ្លួន​បាន​រួមរស់​ជាមួយ​ជន​រង​គ្រោះ​រយះ​ពេល​២​ឆ្នាំ​ហើយ​ ដោយ​មិន​បាន​រៀប​ការ​ទេ​ មូលហេតុ​ឈាន​ដល់​ការ​សម្លាប់​ជន​រង​គ្រោះ​នេះ​ ដោយសារ​ខ្លួន​និង​ជន​រង​គ្រោះ​ តែងតែមាន​ជម្លោះ​នឹង​គ្នា​សឹង​រាល់ថ្ងៃ​ ហើយ​ជន​រង​គ្រោះ​ប្រើ​ពាក្យ​សម្តី​ជេរ​ប្រមាថ​តិះដៀល​មក​លើ​ខ្លួន​ ។​ រហូត​ដល់​ថ្ងៃ​ទី​ ០៨​ ខែមេសា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​ប្រហែល​២២​និង​០០​នាទី​យប់​ ខ្លួន​បាន​បបួល​ជន​រង​គ្រោះ​ផឹកស៊ី​ រហូត​ដល់​វេលា​ម៉ោង​០១​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​០៩​ ខែមេសា​ ឆ្នាំ​២០២១​ ខ្លួន​បាន​ដឹក​ជន​រង​គ្រោះ​ទៅ​ដេក​នៅផ្ទះ​សំណាក់​ ខណៈនោះ​ជន​រង​គ្រោះ​បាន​ប្រើស​ម្តី​ថា​ មុខ​ហ្អែ​ង​គ្មាន​ប្រាក់​នាំ​យើង​ដេក​ផ្ទះសំណាក់​ទេ​ មាន​តែ​ដេក​ក្នុង​ព្រៃ​ ។​ ពេល​នោះ​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​ចូល​ទៅ​កន្លែង​កើតហេតុ​ខាងលើ​ ដោយ​ទ្រាំ​នឹង​សម្តី​ជន​រង​គ្រោះ​មិន​បាន​ ខ្លួន​បាន​ធ្វើ​សកម្មភាព​សម្លាប់​ជន​រង​គ្រោះ​ ប្រើ​ឧបករណ៍​សាក​ថ្ម​ វាយ​ក្បាល​,​ វាយ​ភ្នែក​ ,​ វាយ​មាត់​ ,​យកដៃ​ច្របាច់ក​ បណ្តាល​ឲ្យ​សន្លប់​ ហើយ​យក​ផ្លែ​ឡា​ម​ អារ​ករ​ហូត​ដល់​ជន​រង​គ្រោះ​ដាច់ខ្យល់​ស្លាប់​ នៅ​នឹង​កន្លែង​កើតហេតុ​ រួច​បាន​រត់គេច​ខ្លួន​ ។​

​ករណី​នេះ​ ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ កំពុង​បន្ត​នីតិវិធី​ បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ ៕

មតិយោបល់