ព័ត៌មានជាតិ

ទំនិញខូចគុណភាព ងៀតយឺហ៊ឺ កម្ទេចមី សរុបចំនួន ២០.០៥ គីឡូក្រាម ត្រូវបានមន្ត្រីជំនាញរកឃើញ និងដកហូត

បន្ទាយមានជ័យ: យោងតាមផេកអគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF បានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ១១រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ នេះ មន្ត្រីសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យដោយមានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានបន្តចុះត្រួតពិនិត្យផលិតផលម្ហូបអាហារ ផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ និងទំនិញវេចខ្ចប់ក្នុងផ្សារសមាគមន៍ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើវិភាគបឋមទៅលើគំរូម្ហូបអាហារមួយចំនួន ដូចជា៖ បន្លែស្រស់ ត្រីស្រស់ សាច់ស្រស់ ណែម មីលឿង និងពពុះសណ្តែក ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាមួយគ្នានោះ មន្ត្រីជំនាញក៏បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមរបស់ទំនិញនៅលើសំបកវេចខ្ចប់ផងដែរ។

* ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញទំនិញខូចគុណភាព រួមមាន៖
-ងៀតយឺហ៊ឺ ៨ កញ្ចប់ ស្មើនឹង ០.៥ គីឡូក្រាម
-កម្ទេចមី ១១២០ កញ្ចប់ ស្មើនឹង ២០ គីឡូក្រាម
សរុប និងទំនិញដកហូតបានសរុបចំនួន ២០.០៥ គីឡូក្រាម។

បន្ទាប់មកមន្រ្តីជំនាញបានធ្វើកំណត់ហេតុដកហូតផលិតផលទាំងនោះ មករក្សាទុកដើម្បីដុតកម្ទេចចោលនាពេលក្រោយតាមនីតិវិធី និងបានធ្វើការណែនាំដល់អាជីវករ ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

មតិយោបល់