ឡាវៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញទៅដល់ទីក្រុងវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រកបដោយសុវត្តិភាព ដើម្បីអញ្ជើញចូលរួមវេទិកាភាពជាអ្នកដឹកនាំអាស៊ានលើកទី១៣ ជាទីដែលសម្តេចតេជោនាយករដ្ឋមន្រ្តី នឹងទទួលពានរង្វាន់សមិទ្ធផលអាស៊ានមួយជីវិត ដែលនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី៦ សីហានេះ។
យន្តហោះពិសេសរបស់ព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ធ្វើការចុះចតនៅអាកាសយានអន្តរជាតិវ៉ាត់តៃ ទីក្រុងវៀងច័ន្ទ កាលពីវាលាម៉ោង៩ និង២០នាទី ព្រឹកថ្ងៃទី៦ សីហានេះ ក្រោមវត្តមាននៃការទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងស្និតស្នាលរាក់ទាក់បំផុត ពីសំណាក់លោកស្រី ខាំផោ អឿនថាវ៉ាន់ អនុរដ្ឋមន្រ្តីក្រសួងការបរទេសឡាវ លោក ហ៊ើយ សិរីធន ឯកអគ្គរាជទូតវិសាមញ និងពេញសមត្ថភាព របស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោក វិរោត សុនដាឡា ប្រធាននាយកដ្ឋានអាស៊ី និងអាហ្រ្វិក នៃក្រសួងការបរទេសឡាវ លោក ផនថាវី បុតដាឡា ប្រធាននាយកដ្ឋានព័ត៌មាន នៃក្រសួងការបរទេសឡាវ ព្រមទាំងវត្តមានឥស្សរជនជាន់ខ្ពស់ឡាវ និងឥស្សរជនការទូតរបស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវជាច្រើនរូប៕
មតិយោបល់