ភ្នំពេញៈ ថ្មីៗនេះ វីដេអូមួយឃី្លប បានបង្ហាញពីសកម្មភាពរបស់មន្ត្រីនគរបាលចរាចរណ៍ម្នាក់ ពិន័យអ្នកបើករថយន្តធុនធំខុសច្បាប់ ដោយទារលុយ២០ម៉ឺនរៀល ជាថ្នូរនឹងការមិនផាកពិន័យតាមច្បាប់ ត្រូវបានបង្ហោះជាសាធារណៈ និងចែកចាយតគ្នាយ៉ាងផ្អើលទឹកផ្អើលដី ធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំងពីសំណាក់អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក។ ទោះយ៉ាងណា ករណីនេះ លោក រុណ រ័ត្នវាសនា បានចាត់ទុកថា នេះជាអំពើល្មើសច្បាប់ ពីព្រោះមានការសម្រួលក្រៅប្រព័ន្ធ ឬក្រោមតុ។
ក្នុងវីដេអូដែលមានរយៈពេលជាង២នាទី បង្ហោះកាលពីរសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៦ បានបង្ហាញពីទង្វើរបស់មន្ត្រីនគរបាលចរាចរណ៍ម្នាក់ ដែលត្រូវបានអ្នកលេងហ្វេសប៊ុកអះអាងថា ឈរជើងនៅចំណុចខាងលិចរង្វង់មូលស្ពានជ្រោយចង្វារ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូពេញ បានទាមទារលុយចំនួន២០ម៉ឺនរៀល ពីអ្នកបើកបររថយន្តធុនធំមួយគ្រឿង ចំណុះ៥តោន ដែលបើករថយន្តឆ្លងស្ពានជ្រោយចង្វារ ពីកើតមកលិចដោយខុសច្បាប់។ ករណីនេះ ត្រូវគេមើលឃើញថា ការទារលុយចំនួន២០ម៉ឺនរៀលនេះ គឺធ្វើឡើងជាថ្នូរនឹងការមិនអនុវត្តពិន័យម្ចាស់រថយន្តល្មើស តាមច្បាប់ចរាចរណ៍ផ្លូវគោក ប៉ុន្តែនៅពេលដែលម្ចាស់រថយន្តល្មើសមិនឲ្យលុយតាមការទាមទាររបស់ខ្លួន មន្ត្រីរូបនេះបែរជាបញ្ជាឲ្យយករថយន្តល្មើសទៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីអនុវត្តតាមច្បាប់ទៅវិញ ដោយថែមទាំងប្រើសម្ដីអសុរស គ្មានវិជ្ជាជីវៈ និងក្រមសីលធម៌ ជាមន្ត្រីនគរបាលជាតិ។ “អត់បានហ្អេ! គេផាក២០ម៉ឺន ហ្អែងឲ្យ២ម៉ឺនម៉េចបាន! ថាកុំយកបងអត់យកទេ ផាក២០ម៉ឺន ហ្អែងមិនបានពួកតុលាការគេចាប់រាល់ថ្ងៃផង ហ្អែងធ្វើម៉េចចឹង?”។ នេះជាសម្ដីរបស់មន្ត្រីនគរបាលដែលរងការចោទប្រកាន់។
ថ្លែងពន្យល់ជុំវិញករណីរបស់មន្ត្រីនគរបាលចរាចរណ៍ក្រោមឱវាទខាងលើ ឧត្តមសេនីយ៍ឯក រុណ រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ឲ្យ Post News ដឹងនៅព្រឹកថ្ងៃទី៦ ខែសីហានេះថា ការឲ្យលុយដល់មន្ត្រីអនុវត្តច្បាប់ខាងលើ គឺជាទង្វើខុសច្បាប់ ហើយជំរុញឲ្យមន្ត្រីរបស់លោកប្រព្រឹត្តអំពើពុករលួយ។ លោកស្នើឲ្យប្រជាពលរដ្ឋត្រូវចូលរួមបញ្ឈប់នូវសកម្មភាព ឬការឲ្យលុយដល់នគរបាលចរាចរណ៍ ដើម្បីបញ្ចប់បទល្មើសដែលខ្លួនបានប្រព្រឹត្តខុស ដោយសុខចិត្តឲ្យមន្ត្រីធ្វើការពិន័យតាមច្បាប់ ចេញវិក្កយបត្រពិន័យត្រឹមត្រូវ។
ទោះយ៉ាងណា ចំពោះករណីខាងលើ លោក រុណ រ័ត្នវាសនា ក៏បានចាត់ទុកថា ជាទង្វើល្មើសច្បាប់ បើសិនជាមន្ត្រីនគរបាលចរាចរណ៍យកលុយពីពលរដ្ឋដែលប្រព្រឹត្តខុស ដើម្បីបិទបញ្ចប់បទល្មើសក្រៅប្រព័ន្ធផ្លូវច្បាប់។ លោកបញ្ជាក់ថា “ខ្ញុំមិនចង់ឲ្យមានវប្បធម៌សម្រួល ឬយកលុយទេ ខ្ញុំមិនគាំទ្រការយកលុយក្រៅប្រព័ន្ធ ពីព្រោះជាអំពើល្មើច្បាប់”។ យ៉ាងណាក្ដី លោកមិនបានចាត់ការយ៉ាងណាចំពោះមន្ត្រីខាងលើឡើយ ដោយគ្រាន់តែជំរុញឲ្យប្រជាពលរដ្ឋបញ្ចប់នូវវប្បធម៌អន្តរាគមន៍ និងឲ្យលុយមន្ត្រីរបស់លោក ដើម្បីសម្រួលបញ្ចប់បទល្មើស។
ជុំវិញហេតុការណ៍ពិន័យលើរថយន្តធុនធំ ដែលបើឆ្លងកាត់ស្ពានជ្រោយចង្វារ និងចូលក្នុងរាជធានីភ្នំពេញ គេនៅមើលឃើញថា ហាក់នៅមានភាពកំសោយចំពោះការអនុវត្តច្បាប់របស់មន្ត្រីមួយចំនួន ដែលគេតែងតែឃើញរថយន្តធុនធំបើកចូលរាជធានីភ្នំពេញ បានស្ទើរគ្រប់ពេលវេលា មិនថាយប់ ឬថ្ងៃ។ ក្នុងនោះដែរ ទាំងអ្នកបើកបរខ្លះ ក៏គ្មានប័ណ្ណបើកបរត្រឹមត្រូវ រថយន្តខ្វះឯកសារគ្រប់គ្រាន់ និងដឹកលើសទម្ងន់។ល។ ដែលត្រូវបានប្រជាពលរដ្ឋរិះគន់ចំពោះមន្ត្រីអនុវត្តច្បាប់តាមគោលដៅមួយចំនួន ថាបានយកលុយដាក់ហៅប៉ៅ បណ្ដោយឲ្យរថយន្តចូលក្រុងបង្កការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ជាបន្តបន្ទាប់ស្ទើររាល់ថ្ងៃ៕
https://youtu.be/pZxltUYu6tw
មតិយោបល់