ព័ត៌មានជាតិ

លោកវេជ្ជបណ្ឌិត លឹម ស្រុន រំលោភយកដីមណ្ឌលសុខភាពធ្វើផ្ទះយ៉ាងរំភើយ

កំពង់ធំ: លោកវេជ្ជបណ្ឌិត លឹម ស្រុនមានតួនាទីជាប្រធានមណ្ឌលសុខភាពសាលាវិស័យ បានរងការរិះគន់យ៉ាងចាស់ដៃពីសំណាក់ប្រជាពលរដ្ឋថា បានរំលោភយកដីមណ្ឌលមួយផ្នែក មកសាងសង់ផ្ទះនិងបើកគ្លីនិក សម្រាប់ទទួលព្យាបាលជាលក្ខណ:ឯកជន ដោយមិនខ្វល់ពីការរិះគន់ពីមហាជន។

លោក អៀង ស៊ីណាត ប្រធានការិយាល័យសុរិយោដីស្រុកប្រាសាទបាល័ង្លបានឲ្យដឹងថា ការសាងសង់គ្លីនិក សម្រាប់ទទួលព្យាបាលឯកជននេះ ដោយមានការប៉ះពាល់រំលោភយកដីរបស់ មណ្ឌលសុខភាពសាលាវិស័យនេះ គឺពុំមានច្បាប់អនុញ្ញាតនោះទេ កាលនៅសាងសង់លោកបានសហការជាមួយមេភូមិ និងមេឃុំដែរ តែម្ចាស់ទីតាំងនៅតែចចេសរឹងរួស មិនព្រមអនុវត្តតាម នៅតែបន្តសាងសង់រហូតសម្រេច១០០ភាគរយ ក្នុងនោះលោកបានបញ្ជាក់ថា ការសាងសង់នេះ គឺពុំត្រូវបានអនុញ្ញាតឲ្យនោះទេ ហើយក៏មិនដឹងថា អាងខ្នងមកពីណានោះទេ បានជាហ៊ានសាងសង់ដោយមិនញញើតច្បាប់។

លោក អ៊ុម សុឌីណា ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ឆ្លើយថា លោកអត់ដឹងពីការសាងសង់គ្លីនិក ទទួលព្យាបាលរបស់លោកវេជ្ជបណ្ឌិត លឹម ស្រ៊ុន នោះទេ ចំណែកលោកស្រី ស៊ីន ប្រធានមន្ទីរសុខាភិបាល ខេត្តកំពង់ធំ ពុំអាចសុំការបំភ្លឺបានទេ ដោយបិទទូរស័ព្ទពុំអាចហៅចូលបានទេ។

លោក ទូច សុខា អភិបាលស្រុកប្រាសាទបាល័ង្គ បានឲ្យដឹងថា ដីនេះគេសាងសង់ចំនួន២ទីតាំងទទួលព្យាបាលឯកជននេះ ទី១ គឺការរំលោភយកដីរបស់ដីមណ្ឌលសុខភាពមួយចំនួនយកមកធ្វើជាកម្មសិទ្ធ ទី២ ការសាងសង់ប៉ះពាល់ចំណីផ្លូវដោយសំណង់រ៉ឹង លោកបានហាមឃាត់ដែរ និងបានធ្វើរបាយការណ៍ជំទាស់ដែរ តែពុំឃើញមានចំណាត់ការអ្វីទាំងអស់ ទើបសាម៉ីខ្លួនបន្តសាងសង់រហូតរួចរាល់។

ពាក់ព័ន្ឋនឹងការចោទប្រកាន់នេះ អ្នកសារព័ត៌មានយើងពុំអាចសុំការបំភ្លឺពីលោកវេជ្ជបណ្ឌិត លឹម ស្រុន បានទេ ទាក់ទិននឹងការរំលោភយកដីមណ្ឌលសុខភាពសាលាវិស័យ មកសាងសង់ផ្ទះ និងបង្កើតជាកន្លែងប្រកបអជីវកម្មផ្ទាល់ខ្លួនបានទេ ដោយសារតែនៅពេលដែលសុំការសម្ភាសន៍ ស្រាប់តែកូនលោក លឹម ស្រ៊ុន បានទាញទ្វារបិទ ហើយនិយាយថា ឪពុករបស់គេអត់នៅទេ នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅឃុំសាលាវិស័យ ស្រុកប្រាសាទបាល័ង្គ ខេត្តកំពង់ធំ។

ប្រជាពលរដ្ឋកំពុងរង់ចាំមើលថា តើអាជ្ញាធរ និងចាត់វិធានការដូចម្តេចតទៅ ខណ:ពេលដែលមានការសាងសង់រំលោភយកដីរបស់រដ្ឋ មានឋាន:ដល់ទៅប្រធានមណ្ឌលសុខភាព តែបែរជាអាជ្ញាធរពុំមានចំណាត់ការ ហើយក៏ពុំអាចរារាំង ហាមឃាត់ការសាងសង់សំណង់រ៉ឹងរបស់លោក លឹម ស្រ៊ុន បានទេ តែបើប្រជាពលរដ្ឋធម្មតា គ្រាន់តែលើសលោះបន្តិចអាជ្ញាធរចុះមករុះរើភ្លាមៗ មិនទុកឲ្យមានការរិះគន់ទេ ដល់ពេលអ្នកមានអំណាច និងបុណ្យស័ក្តិបន្តិច នាំគ្នាដើរមើលមេឃអស់រលីង៕

asset (2)

asset (3)

asset (4)

asset (5)

asset

មតិយោបល់