ក្លឹបម្ចាស់ជើងឯកលីគកំពូលកម្ពុជា៦សម័យភ្នំពេញក្រោន នឹងបញ្ជូនកីឡាករថ្នាលរបស់ខ្លួន២៥នាក់ ទៅធ្វើតេស្តិ៍ចូលរួមជាមួយក្រុមជម្រើសជាតិ U19 ត្រៀមចេញទៅលេងពាន AFF U19 នៅប្រទេសវៀតណាម នាខែកញ្ញាខាងមុខ។
តាមការបញ្ជាក់របស់អគ្គលេខាធិការលោក លី ហ៊ាង ឲ្យដឹងថា ក្លឹបបានឯកភាពឲ្យកីឡាកររបស់ខ្លួន អាចទៅធ្វើតេស្តិ៍ និងចូលលេងឲ្យជម្រើសជាតិនៅពេលខាងមុខ។ លោកថា ការចូលជម្រើសជាតិ អាចផ្តល់បទពិសោធន៍លេងក្នុងប្រកួតអន្តរជាតិ ដល់ពួកគេ ហើយនោះនឹងជួយឲ្យកីឡាករទាំងអស់ បានអភិវឌ្ឍខ្លួនបន្ថែម។
យ៉ាងណាក្តី លោកពុំអាចសន្និដ្ឋានថា កីឡាករភ្នំពេញក្រោនប៉ុន្មាននាក់ជាប់ឡើយ ត្បិតការជ្រើសរើសស្ថិតក្រោមការសម្រេចចិត្តរបស់គ្រូ U19 លោក Ohara។
ជម្រើសជាតិ U19 នឹងចេញទៅប្រកួតពាន AFF U19 Youth Championship ពីថ្ងៃទី១១ ដល់ថ្ងៃទី២៤ ខែកញ្ញាឆ្នាំ២០១៦ខាងមុខ។ កម្ពុជា ស្ថិតនៅពូលB ដោយត្រូវប្រឈមនឹងក្រុមខ្លាំង៥ទៀតមាន ថៃ អូស្ត្រាលី ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា និងឡាវ។
មតិយោបល់