ព័ត៌មានជាតិ

Update៖ បុរសម្នាក់ ស្លាប់ក្នុងថ្លុកឈាម ឯម្នាក់ទៀតរបួសធ្ងន់ ក្នុងករណីរថយន្តបើកបត់ឆ្លងផ្លូវ ចូលព្រលានយន្តហោះអន្តរជាតិភ្នំពេញ ត្រូវម៉ូតូវ៉ាក់អឺបុកពេញទំហឹង

ភ្នំពេញ: បុរសពីរជិះលឿន ខ្វះការប្រុងប្រយ័ត្ន វ៉ាក់អឺជាមួយរថយន្តកំពុងបើកឆ្លងផ្លូវ ធ្វើឲ្យជាន់ហ្រ្វាំងមិនទាន់ ជ្រុលទៅបុកចំពេញទំហឹង បណ្ដាលឲ្យបោកក្បាលនិងរថយន្ត ស្លាប់ភ្លាមៗ និងម្នាក់ទៀតរបួសធ្ងន់។

ហេតុការណ៍នេះ កើតទ្បើងកាលវេលាម៉ោង៨និង៥៥នាទីយប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីទល់មុខនិងព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្នុងភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

រថយន្តបង្កម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2BC-4659 ធ្វើដំណើរពីកើតមកលិច បានបត់ឆ្លងពីជើងទៅត្បូង។
ចំណែកម៉ូតូជនរងគ្រោះ ម៉ាកស្កុបពី ពណ៌ស ពាក់ផ្លាកលេខ តាកែវ 1O-6376 ធ្វើដំណើរពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន ដោយខ្វះការប្រុងប្រយ័ត្ន។

សពជនរងគ្រោះឈ្មោះ ប៊ុន សម្បត្តិ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅស្រុកសុក្រំ ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ។

ដំណើររឿង៖ ដំបូងគេឃើញបុរសម្នាក់ បើករថយន្តម៉ាកហាយឡែនឌ័រ ធ្វើដំណើរពីកើតទៅលិច។ លុះមកដល់ចំណុចកើតហេតុ ក៏បានបត់ឆ្វេងឆ្លងផ្លូវ បានពាក់កណ្ដាល ក្នុងគោលបំណងចូលទៅ ក្នុងព្រលានយន្តហោះអន្តរជាតិភ្នំពេញ ស្រាប់តែមានម៉ូតូ១ម៉ាកស្កុពី១គ្រឿង ជិះគ្នាពីរនាក់ ទិសដៅពីលិចទៅកើត ជាមួយក្នុងល្បឿនយ៉ាងលឿន បានវ៉ាក់អឺគ្នា ដោយជាន់ហ្រ្វាំងមិនជាប់ ក៏ជ្រុលទៅបុករថយន្តពេញទំហឹង បណ្ដាលឲ្យអ្នកបើកម៉ូតូបោកក្បាលនឹងរថយន្ត ផ្លោងមកបោកផ្លូវបន្ថែមទៀត ស្លាប់ភ្លាមៗតែម្ដង ។ ចំណែកម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានរថយន្តគ្លីនិកឯកជន ដឹកយកទៅសង្គ្រោះភ្លាមៗផងដែរ។

ក្រោយកើតហេតុផ្នែកជំនាញចរាចរណ៍រាជធានីភ្នំពេញ បានចុះមកវាស់វែង យករថយន្តបង្ក និងម៉ូតូរងគ្រោះទៅរក្សាទុក ដើម្បីរង់ចាំការដោះស្រាយពេលក្រោយតាមផ្លូវច្បាប់។ ចំណែកសព បានប្រគល់ទៅឲ្យក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់