ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ០២នាក់ ករណីជិះម៉ូតូធ្វើសកម្មភាព ទាក់សត្វឆ្កែតាមផ្លូវសាធារណៈ

ភ្នំពេញៈ នៅវេលាម៉ោង០២ និង៣០នាទី រំលងអធ្រាត្រ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ មានករណីជនសង្ស័យចំនួន២នាក់ ក្នុងចំណោមបក្ខពួក១០នាក់ ត្រូវបានកម្លាំងអន្តរាគមន៍ខណ្ឌជ្រោយចង្វា ចាប់ឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាព ជិះម៉ូតូដើរទាក់សត្វឆ្កែ តាមផ្លូវសាធារណៈ បង្កឲ្យមានកាលភ្ញាក់ផ្អើលកើតឡើង ត្រង់ចំណុចក្បែរផ្ទះសំណាក់ មហាលាភ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៦ ក្នុងសង្កាត់ព្រែកលាភ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

ជនសង្ស័យទាំងពីរនាក់៖ទី១-ឈ្មោះ រិន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ ។ ទី២-ឈ្មោះ អឿន ហ្សា ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ ។

ប្រភពព័ត៌មានពីកម្លាំងសមត្ថកិច្ចអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា បានរៀបរាប់ប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ កម្លាំងសមត្ថកិច្ច បានធ្វើការជិះម៉ូតូល្បាត ក្នុងភូមិសាស្ត្រ នៃខណ្ឌជ្រោយចង្វា ដើម្បីកាត់បន្ថយ និងទប់ស្កាត់បទល្មើសផ្សេងៗ នៅអាចកើតមានដោយប្រការណាមួយ ។ លុះពេលដែលជិះល្បាត ដល់ចំណុចផ្លូវលីយ៉ុងផាត់ ស្រាប់តែប្រទះឃើញ ជនសង្ស័យទាំងពីរនាក់ខាងលើ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា វ៉េវអអេះអ៊ិច ពណ៌ខៀវ គ្មានស្លាកលេខ រួមជាមួយនិងបក្ខពួកចំនួន០៨នាក់ទៀត ជិះម៉ូតូ០៤គ្រឿងមិនចាំម៉ាក ដែលបានជិះបណ្តើរគ្នា តាមបណ្ដោយផ្លូវលីយ៉ុងផាត់ ទិសដៅពីលិចទៅកើត និងមានដឹកសត្វឆ្កែដែលលួចទាក់បានមួយបាវធំ ជាប់ជាមួយផងដែល ។

បន្ទាប់ពីឃើញក្រុមជនសង្ស័យ ដែលជាមុខសញ្ញាលួចទាក់សត្វឆ្កែ យ៉ាងសកម្មនៅភូមិសាស្ត្រខណ្ឌជ្រោយចង្វា ។ កម្លាំងសមត្ថកិច្ចបានធ្វើការ ជិះប្រដេញតាម ក្រុមជនសង្ស័យហើយត្រូវបានក្រុមជនសង្ស័យដឹងខ្លួន ក៏បន្ថែមល្បឿនជិះគេចខ្លួន និងបានប្រើប្រាស់ចាំពាមកៅស៊ូ បាញ់ទៅលើកម្លាំងសមត្ថកិច្ច បណ្ដាលឲ្យសមត្ថកិច្ចម្នាក់ របួសស្ទើរពេញដងខ្លួន ។ រហូតដល់ចំណុចកើតហេតុ ទើបអាចធ្វើការស្ទាក់ចាប់ ឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់បាន ដោយដកហូតបានឧបករណ៍ សម្រាប់ទាក់សត្វឆ្កែចំនួន៣ខ្សែ និងឆ្កែដែលពួកគេទាក់បាន ។ ចំណែកឯបក្ខពួកចំនួន០៨នាក់ទៀត បានជិះគេចខ្លួនបាត់ស្រមោល ដោយសុវត្ថិភាព ។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ រួមទាំងវត្ថុតាំង ត្រូវបានសមត្ថកិច្ចនាំខ្លួនយកទៅធ្វើការសាកសួរ និងកសាងសំណុំរឿង នៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា ដើម្បីរង់ចាំចាត់ការទៅតាមនីតិវិធីច្បាប់ជាបន្តទៀត ៕

មតិយោបល់