ព័ត៌មានជាតិ

ពលរដ្ឋសាទរ ចំពោះអាជ្ញាធរខណ្ឌទួលគោកចុះរៀបចំសណ្តាប់ធ្នាប់នៅផ្សារនាគមាស

ភ្នំពេញៈ សណ្តាប់ធ្នាប់ផ្សារនាគមាសមានភាពកកស្ទះសឹងជារៀងរាល់ថ្ងៃនៅតាមបណ្តោយផ្លូវ២៣០ ផ្លូវ២៣៤ ផ្លូវ២៣១ ផ្លូវ២៣៩ ដែលស្ថិតនៅក្នុងសង្កាត់ផ្សារដើម ខណ្ឌទួលគោក រាជធានីភ្នំពេញ។ លោក តី សុវណ្ណារ៉េត អធិការរងនៃអធិការដ្ឋាននរគបាលខណ្ឌទួលគោក បានដឹកនាំកម្លាំងនរគបាលរួមជាមួយប្រជាការពារសង្កាត់ខណ្ឌ ដើម្បីរៀបចំសណ្តាប់ធ្នាប់ផង និងចុះត្រូវពិនិត្យអនុវត្តន៍ច្បាប់ចរាចរណ៍ផង នៅម៉ោង១៦រសៀល ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៦នេះ។

លោក តី សុវណ្ណារ៉េត បានប្រាប់ថា ដោយទទួលបានបញ្ជាពីលោកអធិការ និងលោកអភិបាលខណ្ឌទួលគោក រៀបចំសណ្តាប់ធ្នាប់ដែលតែងតែបង្កការកកស្ទះសឹងជារៀងរាល់ពេលបណ្តាលមកពីអាជីវករលក់ខុសពេលកំណត់របស់សាលាខណ្ឌ និងគណៈកម្មការផ្សារ ការចតរថយន្តតាក់ស៊ីលើដងផ្លូវ ការចតរ៉ឺម៉ក ការឈរគ្មានសណ្តាប់ធ្នាប់របស់កម្មករអូសរទេះ គួបផ្សំជាមួយការលក់ដូរផ្សេងៗតាមរទេះរ៉ឺម៉កទៀតផង ធ្វើបែបនេះ បានបណ្តាលឲ្យផ្លូវរួមតូចចង្អៀត និងបាត់បង់ផ្លូវផងដែរ។

លោកបានបន្តថា សូមសំណូមពរដល់បងប្អូនអាជីវករលក់ដូរតាមការកំណត់របស់សាលាខណ្ឌ ក៏ដូចគណកម្មការផ្សារ ចូលរួមរក្សាអនាម័យ វេចកញ្ចប់សំរាមឲ្យមានរៀបរយ ជាពិសេសបងប្អូនអ្នករថយន្តតាក់ស៊ីសូមកុំយកផ្លូវ២៣០ និងផ្លូវផ្សេងៗទៀតជាបេន និងចំណតឡានសម្រាប់ហៅភ្ញៀវ និងផ្ទេរទំនិញដែលធ្វើឲ្យបាត់បង់សោភ័ណភាព និងបង្កការកកស្ទះចរាចរណ៍ផងដែរ។

ដោយឡែកប្រជាពលរដ្ឋមានអារម្មណ៍រំភើបរីករាយពេលឃើញមានអាជ្ញាធរ ឬសមត្ថកិច្ចនរគបាលចុះរៀបសណ្តាប់ធ្នាប់ម្តងៗ គាត់តែងតែនិយាយាថា ស្រួលធ្វើដំណើរឃើញផ្លូវធំទូលាយ ដោយឃើញភាពកកស្ទះវាជាការធម្មតាប្រចាំថ្ងៃទៅហើយ៕

https://youtu.be/mlgbmc8b8aY

Untitled-1

មតិយោបល់