ព័ត៌មានជាតិ

រន្ធត់ណាស់! ម៉ូតូជិះឆ្លងផ្លូវបែកជាបួន ត្រូវរថយន្តបុកពេញទំហឹង ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ នៅក្រោមស្ពានអាកាស៥មករា

ភ្នំពេញៈ បុរសម្នាក់ បានបោកក្បាលនិងខឿនផ្លូវស្លាប់ភ្លាមៗ ខណៈបុរសម្នាក់ទៀតរបួសធ្ងន់ បន្ទាន់ពីជិះម៉ូតមួយគ្រឿង ឌុបគ្នាបើកឆ្លងផ្លូវបែកជាបួន ហើយក៏ត្រូវរថយន្ត បើកបុកពេញទំហឹង។

ហេតុការណ៍នេះ បានកើតទ្បើងកាលពីវេលាម៉ោង ១០យប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ ត្រង់ចំណុចខាងក្រោមស្ពានអាកាស៥មករា តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី កែងនិងផ្លូវម៉ៅសេទុង ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។

ជនរងគ្រោះឈ្មោះ ណូ ភឿន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ ជាងសំណង់ ស្នាក់នៅសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅខេត្តប៉ៃលិន (ស្លាប់)។

ដំណើររឿង៖ នៅមុនកើតហេតុ គេឃើញជនរងគ្រោះ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរី០១១ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1CS-5421 និងរួមដំណើរដោយបុរសម្នាក់ទៀតពីក្រោយ បានធ្វើដំណើរពីកើតទៅលិច តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ។ លុះមកដល់ចំណុចកើតហេតុ ម៉ូតូរងគ្រោះ បានបើកឆ្លងផ្លូវម៉ៅសេទុង ស្របពេលនោះ ក៏មានរថយន្តមួយគ្រឿងទៀត ម៉ាកលុចស៊ីស ពណ៌ស មិនផ្លាកលេខ ធ្វើដំណើរពីត្បូង ទៅជើង តាមបណ្ដោយផ្លូវម៉ៅសេទុង ក្នុងល្បឿយ៉ាងលឿន ក៏ជ្រុលទៅបុកម៉ូតូចំពេញទំហឹង បណ្ដាលឲ្យម៉ូតូខ្ទាតផ្លោងទៅខាងលើខឿន រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។

រីឯជនរងគ្រោះជាអ្នកបើកម៉ូតូ បានបោកក្បាលទៅនិងខឿនចិញ្ចើមផ្លូវ បណ្តាលឲ្យបែកទាំងមួកសុវត្ថិភាពទាំង ក្បាលស្លាប់ភ្លាមៗ និងបុរសអ្នករួមដំណើរ របួសធ្ងន់ ត្រូវបានរថយន្តរបស់គ្លីនិកឯកជនសុងកាណ៍ ដឹកយកទៅសង្គ្រោះផងដែរ។

ដោយឡែករថយន្តបង្ក មិនព្រមឈប់ទទួលខុសត្រូវនោះទេ បានបន្ថែមល្បឿនបើកគេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងជំនាញ បានចុះវាស់វែង រួចយកម៉ូតូរបស់ជនរងគ្រោះ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក រង់ចាំប្រគល់ទៅឲ្យសាច់ញាតិជនរងគ្រោះវិញ។ ដោយឡែកសព បានប្រគល់ទៅឲ្យក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យទៅតាមប្រពៃណី នៅឯខេត្តព្រៃវែង៕

មតិយោបល់