ព័ត៌មានជាតិ

ទឹកភ្នែកម្ដាយ ធ្លាក់ខ្ចាយពេញធរណី ដៃទាំងពីរឱបសពកូន ស្រែកទ្រហោយំ ដង្ហោយហៅកូនអើយវិលវិញ….

ភ្នំពេញ: កាលពីវេលាម៉ោង ១០ និង១២នាទីយប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ ស្ថិតក្នុងស្រះទឹក ក្នុងវត្តអង្គតាមិញ ភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានករណីមនុស្សលង់ទឹកស្លាប់។

នរងគ្រោះឈ្មោះ រ៉ាត ខៃហ្វុង ភេទប្រុស អាយុ៤ឆ្នាំកន្លះ មានម្តាយឈ្មោះ សៀង ស៊ីណា ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិ-សង្កាត់ខាងលើ។

តាមប្រភពពីម្តាយក្មេងប្រុសរងគ្រោះ បានរៀបរាប់ឲ្យដឹងថា គាត់ និងស្វាមី ទើបតែចែកផ្លូវគ្នាថ្មីៗនេះទេ ដោយពួកគាត់មានកូនចំនួន៣នាក់ ប្រុសទាំងអស់៖ កូនបងអាយុ១៣ឆ្នាំ និងប្អូនពៅ (សព) អាយុ៤ឆ្នាំកន្លះ ចំណែកកូនប្រុសកណ្តាល បានទៅរស់នៅជាមួយឪពុក នៅទីរួមខេត្តបាត់ដំបង។

ដំណើររឿង៖ មុនកើតហេតុ គាត់បានទៅធ្វើការរោងចក្រដូចសព្វដង ដោយទុកឲ្យកូនៗ នៅផ្ទះជាមួយជីដូន តែដោយសារថ្ងៃកើតហេតុ ជីដូនបានមករៀបចំធ្វើចង្ហាន់ប្រគេនព្រះសង្ឃ នៅវត្តអង្គតាមិញ ចំណែកក្មេងប្រុសរងគ្រោះ ត្រូវបានបងប្រុសនាំទៅលេងក្នុងវត្ត ដោយបងប្រុស ចុះលេងក្នុងទឹកស្រះ ឯប្អូន (សព) លេងក្នុងបរិវេណវត្ត បន្ទាប់មកបងប្រុសជនរងគ្រោះ បានទៅចោលប្អូនបាត់ទៅ។
លុះនៅវេលា ២សៀលថ្ងៃដដែល ទើបចាប់អារម្មណ៍ថា បាត់ប្អូនក៏ទៅប្រាប់ជីដូន ទើបនាំគ្នាផ្អើលដើររកគ្រប់ច្រកល្ហក។

ដោយសាររកមិនឃើញ នៅពេលម្តាយសពត្រឡប់ មកពីធ្វើការវិញ បានប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ ដែលនៅជិតកន្លែងកើតហេតុ ដើម្បីឲ្យជួយរុករក តែនៅរកមិនឃើញដដែល។
លុះនៅវេលាម៉ោងកើតហេតុ ព្រះសង្ឃគង់នៅវត្តខាងលើ បានពិនិត្យមើលក្នុងទឹក ក៏ប្រទះឃើញសពអណ្ដែតក្បាលឡើង ក៏ចុះស្រង់ពីក្នុងទឹកភ្លាមៗ រួចក៏បានប្រាប់ដំណឹងទៅក្រុមគ្រួសារ។

គ្រាន់តែបានដឹងភ្លាម ម្តាយក្មេងប្រុសរងគ្រោះ បានមកដល់តក់ស្លុតយ៉ាងខ្លាំង បានស្រែកទ្រហូរយំឱបសពកូន ពីមាត់ស្រះទឹក យកទៅដាក់តម្កល់នៅកន្លែងសាលាបុណ្យ ក្នុងវត្តទាំងក្ដៅសោកសៅ។

ក្រោយកើតហេតុ សពត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ ធ្វើកំណត់ហេតុរួច ប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់