ភ្នំពេញៈ នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦នេះ លោក ជា សុច័ន្ទដេត ប្រធានចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញបានប្រកាសសាលក្រមសម្រេចផ្តន្ទាទោសជនជាប់ចោទជាក្រុមចោរប្លន់សកម្មប្រចាំរាជធានីភ្នំពេញ ចំនួន៥នាក់ ដាក់ពន្ធនាគារក្នុងម្នាក់ៗកំណត់រយៈពេល៨ឆ្នាំ និងមេក្លោងម្នាក់ដាក់ពន្ធនាគារកំណត់សរុប ២៨ឆ្នាំ លើសំណុំរឿងប្លន់៤ករណីផ្សេងៗគ្នា។
ជនជាប់ចោទដែលត្រូវផ្តន្ទទោសរួមមាន ៖
-ទី១ ឈ្មោះ អ៊ិន បញ្ញា ហៅញ៉ា ភេទប្រុស អាយុ១៨ឆ្នាំ (ក្នុងឃុំ)
-ទី២ ឈ្មោះ ចាន់ ពិទូ ហៅតួ ភេទប្រុស អាយុ៣៤ឆ្នាំ (ក្នុងឃុំ)
-ទី៣ ឈ្មោះ សម ជិនសាមឌី ភេទប្រុស (រត់គេច តុលាការចេញដីកាតាមចាប់ខ្លួន)
-ទី៤ ឈ្មោះ រឿន ធារ៉ា ភេទប្រុស (រត់គេច តុលាការចេញដីកាតាមចាប់ខ្លួន)
-ទី៥ ឈ្មោះ ខៀវ សុផល ភេទប្រុស (រត់គេច តុលាការចេញដីកាតាមចាប់ខ្លួន)
តុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកំណត់រយៈពេល៨ឆ្នាំក្នុងម្នាក់ ពីបទលួចមានស្ថានទម្ងន់ទោសដោយប្រើហិង្សា និងកាន់កាប់អាវុធខុសច្បាប់ ប្រព្រឹត្តនៅផ្លូវ៤៣០ ក្រុម១ ភូមិ១ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៥ យោងតាមមាត្រា ៣៥៣ មាត្រា ៣៥៧ និងមាត្រា ៤៩០នៃក្រមព្រហ្មទណ្ឌ។
ដោយឡែកមេក្លោងចោរប្លន់ឈ្មោះ នុជ សំណាង ហៅ សែន សំណាង ភេទប្រុស អាយុ២៨ឆ្នាំ ត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារសរុប២៨ឆ្នាំ ក្រោមបទចោទលួចមានស្ថានទម្ងន់ទោសដោយប្រើហិង្សា និងកាន់កាប់អាវុធខុសច្បាប់ ៤លើក៖
-ប្រព្រឹត្តលើកទី១នៅផ្លូវ៤៣០ ក្រុម១ ភូមិ១ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៥ ។
-ប្រព្រឹត្តលើកទី២ នៅផ្លូវប្រលាយទឹក សង្កាត់ព្រៃវែង ខណ្ឌដង្កោ កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៥។
-ប្រព្រឹត្តលើកទី៣ នៅផ្លូវបេតុង ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ
-ប្រព្រឹត្តលើកទី៤ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៥ ។
បទល្មើសដែលមានចែងឲ្យផ្តន្ទាទោសយោងតាមមាត្រា ៣៥៣ មាត្រា ៣៥៧ និងមាត្រា ៤៩០នៃក្រមព្រហ្មទណ្ឌ។
សូមជម្រាបជូនថា ឈ្មោះ នុជ សំណាង ហៅ សែន សំណាង ធ្លាប់ត្រូវបានលោក ជា សុខច័ន្ទដេត សម្រេចផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល៤៩ឆ្នាំ កាលពីរសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦កន្លងទៅ លើបទល្មើសប្លន់៧លើកនៅក្នុងខណ្ឌដង្កោ។
ជនជាប់ចោទឈ្មោះ នុជ សំណាង ហៅ សែន សំណាង បានប្រាប់អ្នកសារព័ត៌មានថា រូបគេនឹងប្តឹងឧទ្ធរណ៍ចំពោះសេចក្តីសម្រេចរបស់តុលាការសាលាដំបូង ដែលបានផ្តន្ទាទោសរុបប្រមាណជា៧៧ឆ្នាំនេះ៕
https://youtu.be/YJ13Hh3z21g
មតិយោបល់