ព័ត៌មានជាតិ

សាហាវមែន! កម្មករសំណង់ ផឹកស៊ីឈ្លោះគ្នា ទាញឈើជ្រុងវាយក្បាល បណ្តាលឲ្យបុរសម្នាក់ស្លាប់ ពេលបញ្ជូនដល់មន្ទីរពេទ្យ

ភ្នំពេញៈ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង២០និង៣០នាទី នៅចំណុចក្រោមផ្ទះឈើ លេខផ្លូវបេតុង ស្ថិតនៅក្នុងភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ មានករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ជនសង្ស័យបានប្រើដំបងឈើជ្រុង វាយក្បាលជនរងគ្រោះ បណ្ដាលឲ្យស្លាប់ម្នាក់ ។

ជនរងគ្រោះឈ្មោះ សោម ចិន្ដា ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរកម្មករសំណង់បូរីរតនៈ ស្នាក់នៅក្នុងបូរីរតនៈ ភូមិគោកឪឡឹក សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ មានស្រុកកំណើត ភូមិដីដុះ ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ (មានស្លាកស្នាមបែកផ្នែកក្បាលយ៉ាងធ្ងន់ធ្ងរ) ។ ជនសង្ស័យមានឈ្មោះ បាន ពិសិដ្ឋ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ ជាងឈឺ ស្នាក់នៅភូមិព្រែក ឃុំព្រៃប្រសព្វ ស្រុកព្រៃប្រសព្វ ខេត្តក្រចេះ ។ ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្ដិ៍រលួស បានធ្វើការឃាត់ខ្លួនជនសង្ស័យភ្លាមៗ បញ្ជូនទៅអធិការខណ្ឌ ដើម្បីសួរនាំ ។

ដំណើររឿង៖ នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះនិងជនសង្ស័យអង្គុយផឹកស្រាថ្នាំជុំគ្នាចំនួន០៤នាក់ (ដែលជាកម្មករសំណង់ធ្វើការជាមួយគ្នា) រួចឈ្លោះប្រកែកគ្នាហើយជនសង្ស័យ ទាញបានដំបងឈើជ្រុងជើងគ្រែ វាយក្បាលជនរងគ្រោះចំនួន០៣ដំបង បណ្ដាលជនរងគ្រោះរងរបួសយ៉ាងធ្ងន់ធ្ងរ រួចដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យសួគ៌ាហើយជនរងគ្រោះស្លាប់ នៅទីនោះតែម្ដង ។

តាមការសន្និដ្ឋាន របស់សមត្ថកិច្ចបានវាយតម្លៃតាមការពិនិត្យ របស់កម្លាំងការិយាល័យបច្ចេកទេស និងវិទ្យាសាស្រ្ដនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ គឺជនរងគ្រោះស្លាប់ បណ្ដាលមកពីវាយក្បាល ។ សាកសពជនរគ្រោះ ត្រូវបានប្រគល់ជូនទៅសាច់ញាតិយកធ្វើបុណ្យតាមប្រពីណី ៕

មតិយោបល់