ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ឡើងរបងផ្ទះប្រជាពលរដ្ឋក្នុងបំណងលួច ត្រូវប្រជាពលរដ្ឋដេញចាប់បាន!

ភ្នំពេញៈ បុរស២នាក់បានឡើងរបងផ្ទះប្រជាពលរដ្ឋក្នុងបំណងលួច តែអ្នកជិតខាងឃើញក៏ស្រែកថាចោរៗ ក៏បានផ្លោះរបងចេញមកក្រៅរត់បានចម្ងាយប្រហែល១០០ម៉ែត្រ ត្រូវបានប្រជាពលរដ្ឋចាប់បាន។

ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង៣និង១០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨ ត្រង់ចំណុចមាត់ទន្លេជិតបន្ទាយកងទ័ពជើងទឹកក្នុងភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ជនសង្ស័យទី១មានឈ្មោះ ទូច ធី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើសំណង់ ពោះម៉ាយប្រពន្ធរត់ចោល រស់នៅសព្វថ្ងៃព្រៃនប់ ក្រុងព្រះសីហនុ ធ្លាប់ប្រើគ្រឿងញៀនកន្លងមក។ ជនសង្ស័យទី២មិនស្គាល់ឈ្មោះនៅឡើយ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនដំបូងគេឃើញជនសង្ស័យ២នាក់បានបណ្តែតពោងតាមទឹកទន្លេក្នុងគោលបំណងចង់លួចទូកដែលមានម៉ាសុីន តែដោយម្ចាស់គេដេកនៅលើទូក ជនសង្ស័យក៏ឡើងលើគោកដើរលួចតាមផ្ទះម្តង ហើយក៏ឃើញឡើងរបងផ្ទះដែលម្ចាស់មិននៅចូលទៅក្នុង ពេលនោះក៏មានអ្នកជិតខាងឃើញ ស្រែកថាចោរៗ ជនសង្ស័យភ័យពេកក៏បានផ្លោះរបងចេញមកវិញរត់បានប្រហែល១០០ម៉ែត្រទើបប្រជាពលរដ្ឋចាប់បានម្នាក់រត់រួចម្នាក់។
ពេលចាប់បានជនសង្ស័យមានស្នាមមុតចេញឈាមដោយភាពភ័យខ្លាចប្រញាប់តោងឡើងរបងដើម្បីរត់ក៏មុតបន្លាលួស។ ប្រជាពលរដ្ឋបានទាក់ទងហៅសមត្ថកិច្ចឲ្យមកយកជនសង្ស័យទៅប៉ុស្តិ៍។

ក្រោយមកសមត្ថកិច្ចបានមកដល់ក៏វាយខ្នោះដឹកតាមម៉ូតូយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វារ ដើម្បីសួរនាំនិងបញ្ជូនបន្តទៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីដាក់ទោសទៅតាមផ្លូវច្បាប់៕

មតិយោបល់