ព័ត៌មានជាតិ

យកលុយចំនួន១៥៨១១,២៥ដុល្លារអាមេរិក រត់គេចខ្លួនស្មានតែក្លាយជាអ្នកមាន ប៉ុន្តែខុសពីការគិត

ភ្នំពេញ: យោងតាមផេករបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថាកាលពី កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១២និង០០នាទី ជនរងគ្រោះ ឈ្មោះ GUO ZHAOYU ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិចិន និងជនសង្ស័យឈ្មោះ សាយ ស៊ីណា ភេទស្រី អាយុ២៥ឆ្នាំ រួមជាមួយអ្នកបើករថយន្តឈ្មោះ ខុម ដារ៉ា ហៅ ចិត្រា ភេទប្រុស អាយុ២៤ឆ្នាំ និងជនជាតិចិនម្នាក់ទៀតឈ្មោះ ម៉ា សាសា ភេទស្រី អាយុ២៧ឆ្នាំ បានយកមើមខ្ទឹមស ដែលនាំចូលពីប្រទេសចិនចំនួនជាង២០តោន យកទៅលក់ឱ្យម៉ូយនៅផ្សារច្បារអំពៅ សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ក្រោយពីជនរងគ្រោះដាក់មើមខ្ទឹមស ចូលទៅក្នុងឃ្លាំងឱ្យម៉ូយរួចហើយ ជនរងគ្រោះក៏បាននាំគ្នាត្រឡប់មកដេកនៅ ផ្ទះភូមិ ព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញវិញ ប៉ុន្តែម៉ូយពុំទាន់បាន ធ្វើការទូរទាត់លុយថ្លៃមើមខ្ទឹមសឱ្យជនរងគ្រោះទេ ចាំទូទាត់ឱ្យថ្ងៃស្អែក (ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០) ដែលមានលុយសរុបចំនួន ១៥៨១១,២៥ ដុល្លារអាមេរិក (មួយម៉ឺនប្រាំពាន់ប្រាំបីរយដប់មួយដុល្លារនិង២៥សេន) ។

លុះដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង០៧និង៥៣នាទី ស្រាប់តែជនសង្ស័យបានទៅបើកលុយ ថ្លៃមើមខ្ទឹមសចំនួន ១៥៨១១,២៥ដុល្លារអាមេរិក ខាងលើពីម៉ូយទិញមើមខ្ទឹមស រួចគេចខ្លួនបាត់ ហើយជនរងគ្រោះព្យាយាមទូរស័ព្ទទាក់ទងទៅលេខរបស់ជនសង្ស័យចំនួន០២ខ្សែ គឺលេខ ០៨១ ៧២ ២៤ ៩៦ និងលេខ ០៨៩ ៤៩ ៧៩ ០៣ ក៏មិនអាចធ្វើការទាក់ទងបានដែរ ទើបជនរងគ្រោះមករាយការណ៍ប្រាប់សមត្ថកិច្ច និងដាក់ពាក្យបណ្តឹងទៅលើជនសង្ស័យ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកកំពឹស ដើម្បីឱ្យសមត្ថកិច្ចជួយស្រាវជ្រាវរកជនសង្ស័យ យកមកធ្វើការសាកសួរ និងប្រគល់លុយចំនួនខាងលើឲ្យជនរងគ្រោះវិញតែម្តង ។

ហើយជនសង្ស័យ ជាអ្នកបកប្រែភាសាខ្មែរចិនឱ្យជនរងគ្រោះ តាំងពី ខែមករា ឆ្នាំ២០២០ រហូតដល់ថ្ងៃកើតហេតុ ដោយស្នាក់នៅ និងហូបចុកជាមួយជនរងគ្រោះ ហើយជនរងគ្រោះបានឱ្យប្រាក់ខែ ចំនួន ៥០០ ដុល្លារអាមេរិក ក្នុង០១ខែ រួចពេលជនរងគ្រោះយកអីវ៉ាន់ទៅលក់ និងទូរទាត់លុយពីម៉ូយម្តងៗ ជនសង្ស័យទៅបកប្រែឱ្យជនរងគ្រោះរហូត ទើបនៅថ្ងៃកើតហេតុ ជនសង្ស័យបានទៅទូរទាត់ លុយពីម៉ូយតែម្នាក់ឯង ហើយយកលុយចំនួន ខាងលើរត់គេចខ្លួន ។

លុះដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង០៨និង៣០នាទី ជនរងគ្រោះឈ្មោះ GUO ZHAOYU បានតាមរកឃើញជនសង្ស័យនៅចំណុចផ្ទះជួល ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហើយជនរងគ្រោះក៏ឃាត់ជនសង្ស័យខាងលើ រួចនាំជនសង្ស័យរួមនឹងវត្ថុតាង ទូរស័ព្ទដៃចំនួន០២គ្រឿង (ម៉ាក Iphone 7plus ពណ៌ទឹកមាសចំនួន០១គ្រឿង, ម៉ាកMeitu ពណ៌ទឹកមាសចំនួន០១គ្រឿង យកមកប្រគល់ឱ្យសមត្ថកិច្ចនគរបាលខណ្ឌដង្កោ ធ្វើការសាកសួរ ដើម្បីចាត់ការតាមផ្លូវច្បាប់តែម្តង៕

 

មតិយោបល់