ព័ត៌មានជាតិ

គំរាមសម្លាប់ឪពុកម្តាយយកលុយទិញថ្នាំជក់មិនបាន ព្រះមិនជួយចុងក្រោយប៉ងធ្វើអត្តឃាតចាក់សម្លាប់ខ្លួនឯង

បន្ទាយមានជ័យៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា កូនអកត្តញូម្នាក់ព្រោះតែអំណាចនៃគ្រឿងញៀន បានគំរាមសម្លាប់ឪពុកម្តាយដើម្បីទារយកលុយទៅទិញគ្រឿងញៀន តែទីបំផុតបែរជាយកកូនកាំបិតចុងស្រួចមកចាក់ខ្លួនជាច្រើនកន្លែង បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា–ជប៉ុន នៅស្រុកមង្គលបូរី។ ហេតុការណ៍ប៉ុនប៉ងធ្វើអត្តឃាតសម្លាប់ខ្លួនឯងនេះ បានកើតឡើងនៅវេលាម៉ោង២ និង៣០នាទីល្ងាចថ្ងៃពុធ ៩ កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពស ២៥៦៤ត្រូវនឹងថ្ងៃទី២៩ ខែកក្កដាឆ្នាំ២០២០ នៅភូមិស្រះឈូកខាងកើត ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

ប្រភពព័ត៌មានពីនគរបាលស្រុកភ្នំស្រុក បានឲ្យដឹងថា៖ ជនដែលប៉ងធ្វើអត្តឃាតសម្លាប់ខ្លួនឈ្មោះ អួង សារុំ ភេទប្រុស អាយុ ៣១ឆ្នាំ នៅភូមិស្រះឈូកខាងកើតឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ជននេះទើបវិលត្រឡប់មកពីធ្វើការងារនៅប្រទេសថៃ បាន៦ថ្ងៃ ។ហើយជននេះក៏ធ្លាប់យកទៅព្យាបាលនៅមណ្ឌលបន្សាបគ្រឿងញៀន ជាច្រើនដងមកហើយ តែនៅមិនឈប់ការប្រព្រឹត្តសេពគ្រឿងញៀន ។

ប្រភពដដែលបានបញ្ជាក់ថា៖ នៅមុនពេលកើតហេតុជននេះបានលួចរត់ចេញពីមណ្ឌលចិត្តាឡីស័កបាត់១យប់ ០១ថ្ងៃ មិនដឹងថាទៅទីណា ពេលមកចូលផ្ទះបានយកកាំបិតគំរាមឪពុកម្តាយ ដើម្បីយក ប្រាក់ បង្កឲ្យមានការភ្ញាក់ផ្អើលអស់អ្នកជិតខាង តែគ្មានអ្នកណាហ៊ានចូលចាប់នោះទេ ព្រោះជននេះមានកាំបិត ក្រោយមកក៏ដេកក្នុងអង្រឹងហើយយកកាំបិតនោះចាក់ខ្លួនឯងយ៉ាងសាហាវ ត្រូវចំនួន៦កន្លែង រងរបួសធ្ងន់ ត្រង់ក ចំនួន២កាំបិត , លើចុងដង្ហើមចំនួន៤កាំបិត ដើម្បីបញ្ចប់ជីវិតខ្លួន ក្រោយពីឃើញហេតុការណ៍នេះ សាច់ញាតិ្តបងប្អូន ក៏នាំគ្នាជួយដឹកយកមកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកភ្នំស្រុក តែដោយសារស្ថានភាពធ្ងន់ធ្ងរពេក ក៏បានបញ្ជូនទៅព្យាបាលបន្តនៅមន្ទីរពេទ្យបង្អែកស្រុកមង្គលបូរី មកទល់ពេលនេះមិនទាន់ដឹងថាវាសនារបស់គេនោះយ៉ាងណានោះទេ៕

មតិយោបល់