ភ្នំពេញៈ តំណាងស្ថាប័នអប់រំជាង១០របស់សហរដ្ឋអាមេរិក បានធ្វើដំណើរមករាជធានីភ្នំពេញ ដើម្បីផ្តល់យោបល់ និងការណែនាំជូនដល់ សិស្ស និស្សិត និងអាណាព្យាបាល អំពីជម្រើស សិក្សានៅសហរដ្ឋអាមេរិកតាមរយៈពិព័រណ៍ការសិក្សានៅសហរដ្ឋអាមេរិករបស់ IDP Education នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦។
នេះគឺជាលើកដំបូងដែល IDP Education បានរៀបចំពិព័រណ៍ការសិក្សានៅសហរដ្ឋអាមេរិក ដែលនាំមកនូវវេទិកាល្អបំផុតសម្រាប់សិស្ស-និស្សិតកម្ពុជា និងអាណាព្យាបាលមកជួបផ្ទាល់ជាមួយអ្នកតំណាងសាលា សាកលវិទ្យាល័យ និងស្ថាប័នអប់រំនានាទូទាំងសហរដ្ឋអាមេរិក នៅទីក្រុងភ្នំពេញ។ ស្ថាប័នអប់រំទាំងនោះនឹងធ្វើបទបង្ហាញពីជម្រើសសិក្សាចាប់ពីថ្នាក់វិទ្យាល័យ រហូតដល់វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ឧត្តមសិក្សា និង ថ្នាក់ក្រោយឧត្តមសិក្សាផងដែរ។
អគ្គនាយកប្រចាំប្រទេសកម្ពុជារបស់ស្ថាប័នIDP/ACE លោក ម៉ៅ ស្រេង បានមានប្រសាសន៍ថា «ពិព័រណ៍ពីការសិក្សានៅសហរដ្ឋអាមេរិករបស់ IDP គឺជាឱកាសដ៏ល្អមួយសម្រាប់សិស្ស-និស្សិតកម្ពុជាគ្រប់រូបទទួលបានព័ត៌មានពីការសិក្សានៅក្រៅប្រទេស ។ នៅក្នុងដំណើរការសមាហរណកម្មអាស៊ាន តម្រូវការអប់រំដែលមានគុណភាព និង មានលក្ខណៈអន្តរជាតិ គឺជាទ្រព្យដ៏មានសារៈសំខាន់មួយសម្រាប់សិស្ស-និស្សិតកម្ពុជា ក្នុងការប្រកួតប្រជែងក្នុងទីផ្សារការងារ» ។
លោកបន្តទៀតថា ដោយហេតុផលនេះហើយទើបបច្ចុប្បន្នមានចំនួនសិស្ស-និស្សិតកម្ពុជាកាន់តែច្រើនឡើងៗ បានជ្រើសយកការបន្តការសិក្សានៅក្រៅប្រទេស ជាជម្រើសចម្បងនៅក្នុងផែនការសិក្សាអប់រំរបស់ខ្លួន ដើម្បីប្រកួតប្រជែងនៅក្នុងការងារដែលគេប្រាថ្នា ។
ប្រធានផ្នែកទំនាក់ទំនងសិស្ស-និស្សិតទៅសិក្សានៅក្រៅប្រទេស លោក ឈាង វ៉ាន់តាក់ បានមានប្រសាសន៍ថា «យើងមានការបេ្តជ្ញាចិត្តខ្ពស់ក្នុងការផ្តល់នូវសេវាកម្មដ៏ល្អបំផុតដល់សិស្ស និង និស្សិត ។ សេវាកម្មរបស់យើងទៅដល់សិស្ស-និស្សិត មិនគ្រាន់តែផ្តល់ឲ្យនូវការរៀបចំឯកសារ និង ទិដ្ឋាការប៉ុណ្ណោះទេ គឺយើងរៀបចំជូនទាំងអស់រហូតដល់ពេលដែលគាត់ទៅដល់សាលានៅសហរដ្ឋអាមេរិក»។
លោក វ៉ាន់តាក់ ពន្យល់ថា «ជាមួយនឹងបទពិសោធន៍៤៥ឆ្នាំ ក្នុងការផ្តល់សេវាកម្មប្រឹក្សាយោបល់ជូនដល់សិស្ស-និស្សិតអន្តរជាតិ IDP Education ផ្តល់នូវដំបូន្មានយ៉ាងលម្អិតអំពីជម្រើសសិក្សា រួមជាមួយនឹងជម្រើសការងារនៅថ្ងៃអនាគតពីអ្នកជំនាញ និង មានបទពិសោធន៍មកពីសហរដ្ឋអាមេរិក»។
សូមបញ្ជាក់ថា IDP Education គឺជាស្ថាប័នដ៏ធំជាងគេបង្អស់លើពិភពលោកដែលបានដើរតួនាទីក្នុងការបញ្ជូនសិស្ស-និស្សិតទៅសិក្សា នៅបរទេសដែលមានការិយាល័យចំនួនជាង១០០ កន្លែង នៅក្នុង៣០ប្រទេសជុំវិញពិភពលោក។ IDPបញ្ជូនសិស្ស-និស្សិតទៅប្រទេសអូស្ត្រាលី នូវែលហ្សេឡង់ ចក្រភពអង់គ្លេស និងកាណាដា ។ ការប្រឹក្សា និង ការបំពេញទម្រង់បែបបទសិក្សា ត្រូវបានផ្តល់ជូនដោយស្ថាប័ន IDP ដោយឥតគិតថ្លៃ ។
សហរដ្ឋអាមេរិកគឺជាប្រទេសដែលមានចំនួនសិស្ស-និស្សិត អន្តរជាតិ សិក្សាច្រើនជាងគេជាមួយនឹងប្រព័ន្ធអប់រំដែលមានស្តង់ដាខ្ពស់ និង ត្រូវបានទទួលស្គាល់នៅទូទាំងពិភពលោកទាំងគុណភាពនិងឧត្តមភាព។នៅក្នុងចំណោមសាកលវិទ្យាល័យកំពូលទាំង១០នៅលើពិភពលោក មានសាកលវិទ្យាល័យកំពូលចំនួន ៧ ដែលមានទីតាំងនៅសហរដ្ឋអាមេរិក និង សរុបទាំងអស់ចំនួន ៧៦ នៅក្នុងចំណោមសាកលវិទ្យាល័យកំពូលទាំង ២០០ នៅទូទាំងពិភពលោក៕
មតិយោបល់