ភ្នំពេញៈ ស្របពេលដែលក្រសួងសុខាភិបាល បានធ្វើយុទ្ធនាការបាញ់ថ្នាំសម្លាប់សត្វមូស ដើម្បីការពារការចម្លងវីរ៉ុស Zika នោះ លោកសាស្រ្តាចារ្យ ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត្រ ជាមន្ទីរពេទ្យថ្នាក់ជាតិឈានមុខមួយ ក្នុងព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវការពេញចិត្ត ហើយបានចាត់ទុកថា នេះគឺជាវិធានការដ៏ល្អមួយ របស់ក្រសួងសុខាភិបាល ។
ជាមួយនិងយុទ្ធនាការបាញ់ថ្នាំសម្លាប់សត្វមូសនោះដែរ លោកសាស្រ្តាចារ្យ អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត្រ បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ នៅទូទាំងប្រទេស ចូលរួមក្នុងការកម្ចាត់ជំរកសត្វមូសទាំងអស់គ្នា ដើម្បីការពារការចម្លងវីរ៉ុស ដែលកើតចេញពីសត្វមូសមួយនេះ។ ការអំពាវនាវនេះ អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត្រ បានធ្វើឡើងនៅក្នុងឱកាស ដែលមន្ទីរពេទ្យកាល់ម៉ែត្រ បានរៀបចំពិធី សូត្រមន្តបង្សុកូលឧទ្ទិសកុសល ប្រគេនចង្ហាន់ ទេយ្យទានដល់ព្រះសង្ឃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ ត្រូវនឹងថ្ងៃដាក់បិណ្ឌទី៧ នៃពិធីបុណ្យប្រពៃណីជាតិខ្មែរ ។
លោកសាស្ត្រាចារ្យ ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត្រ បានបន្តថា បច្ចុប្បន្នមន្ទីរពេទ្យកាល់ម៉ែត្រ បានត្រៀមលក្ខណៈជាបច្ចេកទេស និងក្រុមគ្រូពេទ្យជំនាញ ដែលធ្វើការពិភាក្សាគ្នា ដើម្បីធ្វើការពិនិត្យ និងព្យាបាល ប្រសិនបើមានករណីនៃវីរ៉ុស Zika កើតឡើង ជាយថាហេតុណាមួយ ។
លោកបញ្ជាក់ទៀតថា ជំងឺមួយនេះ មិនមែនជាជំងឺដែលបណ្តាលឲ្យ មនុស្សស្លាប់នោះទេ ដោយវាប៉ះពាល់សំខាន់បំផុតនោះគឺ ទៅលើស្រ្តីដែលមានផ្ទៃពោះ គឺអាចមានការប៉ះពាល់ដល់ ទារកក្នុងផ្ទៃ ហើយវាមិនឆ្លងតាមរយៈការប៉ះពាល់ផ្ទាល់នោះទេ គឺឆ្លងតាមរយៈសត្វមូសខ្លាខាំ ដែលមានផ្ទុកវីរ៉ុស Zika និងឆ្លងតាមរយៈការរួមភេទប៉ុណ្ណោះ។
លោកសូមអំពាវនាវ ដល់ស្ត្រីដែលមានផ្ទៃពោះទាំងអស់ ប្រយ័ត្នឲ្យបានខ្ពស់ ចំពោះជំងឺZikaនេះ ចំពេលខ្លួនមានកូនក្នុងផ្ទៃ ដែលឆ្លងពីការមូសខ្លាខាំនេះ សូមប្រយ័ត្នទាំងអស់គ្នា ៕
មតិយោបល់