ព័ត៌មានជាតិ

ឃាត់ខ្លួនជនជាតិចិន២នាក់ ករណីជំរិតទារប្រាក់ ជនជាតិចិនដូចគ្នា

ភ្នំពេញៈ បុរសជាជនជាតិចិនចំនួន៣នាក់ ត្រូវបានក្រុមជនសង្ស័យជាជនជាតិចិនដូចគ្នា ចាប់វាយញាត់ចូលក្នុងរថយន្ត នៅខេត្តព្រះសីហនុ រួចក៏ដឹកយកមកបង្ខាំង និងធ្វើទារុណកម្មជំរិតទារប្រាក់ នៅរាជធានីភ្នំពេញ ហើយក៏បានកម្លាំងសមត្ថកិច្ចខណ្ឌសែនសុខ ចុះបង្ក្រាបឃាត់ខ្លួនបានជនសង្ស័យជាជនជាតិចំនួន២នាក់ ចំណែកឯបក្ខពួកបានរត់គេចខ្លួនបាត់ស្រមោល បង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១និង៥០នាទីយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ ត្រង់ចំណុចផ្ទះវីឡាលេខ១០០៧ ផ្លូវបេតុងក្នុងបុរីស៊ីរ៉ែនវីឡា ភូមិទ្រុងមាន់ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រតិបត្តិការចុះបង្ក្រាបខាងលើនេះក្រោមការបញ្ជារបស់លោក ម៉ូវ ម៉ានិត អភិបាលនៃខណៈអភិបាលខណ្ឌសែនសុខ និងលោកវរៈសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានដឹកនាំកម្លាំងផ្ទាល់ចុះបង្ក្រាបជាក់ស្ដែង នៅត្រង់ចំណុចកើតហេតុខាងលើ។ បន្ទាប់ពីទទួលបន្តឹងពីជនរងគ្រោះ ជាជនជាតិចិនម្នាក់ ដែលបានរត់មកប្តឹងសមត្ថកិច្ច ទាំងមានរងរបួសស្ទើរពេញខ្លួនប្រាណ ។ ហើយជាលទ្ធផលក្នុងប្រតិបត្តិការខាងលើ កម្លាំងសមត្ថកិច្ចធ្វើការរំដោះបានបុរសជនរងគ្រោះ ដែលជាជនជាតិចិនសរុបចំនួន៣នាក់ និងឃាត់ខ្លួនបានជនសង្ស័យជាជនជាតិចិនចំនួន២នាក់ រីឯបក្ខពួកផ្សេងទៀត បានគេចខ្លួនបាត់ស្រមោល ហើយដកហូរវត្ថុតាំងបានមួយចំនួនមានដូចរថយន្តមួយគ្រឿងម៉ាក​ ALPHARD ពណ៌សពាក់ផ្លាកលេខភ្នំពេញ 2BC-5178 ខ្នោះដៃ៥គូរដំបងឆក់២គ្រឿង កាំបិតមួយ ដើមទូរស័ព្ទដៃ១០គ្រឿង​ និងសម្ភារៈមួយចំនួនទៀត។

លោកវរៈសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងបន្ទាប់ពីទទួលបានការរៀបរាប់ពីបុរសរងគ្រោះជាជនជាតិចិនម្នាក់ ក្នុងចំណោមបីនាក់ខាងលើបុរសរងគ្រោះទាំងបីនាក់ខាងលើ គឺជាបុគ្គលិកបម្រើការក្នុងសណ្ឋាគារមួយនៅខេត្តព្រះសីហនុ ។ ហើយបុរសរងគ្រោះទាំងបីនាក់នោះ ត្រូវបានជនសង្ស័យដែលជាជនជាតិចិនមួយក្រុមធ្វើសកម្មភាពវាយចាប់ដាក់ក្នុងរថយន្ត ខណៈពេលដែលពួកគេចេញពីធ្វើការកាលពីវេលាម៉ោង១២យប់ ថ្ងៃទី២៧ ខែកក្កដា កន្លងទៅ។ បន្ទាប់មកក្រុមជនសង្ស័យក៏បានដឹកពួកគេទាំងបីនាក់ តាមរថយន្តពីខេត្តព្រះសីហនុមកកាន់រាជធានីភ្នំពេញ ។ដោយបង្ខាំងនិងធ្វើទារុណកម្មមកលើពួកគេទាំងបីនាក់ នៅក្នុងផ្ទះកើតហេតុខាងលើថែមទាំងជំរិតទារប្រាក់ពីពួកគាត់ថែមទៀតផង​។​ហើយរយៈ៣ថ្ងៃកន្លងមកនោះ ក្រុមជនសង្ស័យបានជំរិតទារប្រាក់ពីសាច់ញាតិ របស់ជនរងគ្រោះម្នាក់ក្នុងចំណោមបីនាក់ ដែលនៅឯប្រទេសចិនបានចំនួនពីរលើក ។ លើកទី១បានប្រាក់ចំនួន ២០០០០០ យ៉ាន់និងលើកទី២បានប្រាក់ចំនួន៥០០០០យ៉ាន់​​រហូតដល់វេលាកើតហេតុបុរសរងគ្រោះម្នាក់ ក្នុងចំណោមបីនាក់ខាងលើក៏បានរត់ចេញពីផ្ទះកើតហេតុ និងបានទៅសុំឲ្យប្រជាពលរដ្ឋដែលរស់នៅក្បែរកើតហេតុ ជួយរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ដើម្បីអោយសមត្ថកិច្ចធ្វើការអន្តរាគមន៍​ ។ ហើយកម្លាំងសមត្ថកិច្ចក៏បានធ្វើការចុះបង្ក្រាបភ្លាមៗតែម្ដង។

ក្រោយពេលកើតហេតុជនសង្ស័យរួមទាំងវត្ថុតាំងខាងលើនិងជនរងគ្រោះ ត្រូវបានសមត្ថកិច្ចនាំខ្លួនយកទៅធ្វើការសាកសួរ និងកសាងសំណុំរឿងនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីរង់ចាំចាត់ការបន្តទៅតាមនីតិវិធីច្បាប់ជាបន្ត ៕

មតិយោបល់