ព័ត៌មានជាតិ

ជាប់ខ្នោះទាំង២ ក្រោយឆក់ទូរស័ព្ទបានសម្រេច បើកម៉ូតូរត់គេចទាំងភ័យបណ្ដាលឲ្យដួល ពលរដ្ឋចាប់ឃាត់

ភ្នំពេញៈ កាលពីវេលាម៉ោង ១១និង៣០នាទីយប់ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ ត្រង់ចំណុចក្បែរខាងក្រោមស្ពានអាកាសផ្សារដីហុយ តាមបណ្ដោយផ្លូវហាណូយ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ២នាក់ ករណីឆក់ទូរស័ព្ទ។

ជនសង្ស័យ ២នាក់៖
១/ឈ្មោះ ហេង ម៉េងហួរ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ អ្នកបើកបរ។
២/ឈ្មោះ សុខ ឃីម ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ អ្នកធ្វើសកម្មភាព។
ជនរងគ្រោះឈ្មោះ ស្រីកា អាយុ ១៨ឆ្នាំ ស្នាក់នៅក្បែរកន្លែងកើតហេតុ។

ដំណើររឿង៖ មុនពេលកើតហេតុជនរងគ្រោះ និងមិត្តភក្ដិមានប្រុសមានស្រីជិះម៉ូតូ ២គ្រឿង ១គ្រឿងម៉ាក ស្កុបពី ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ស្ពឺ 1P-8765 ១គ្រឿងទៀតមិនចាំម៉ាក បាននាំគ្នាជិះដើរលេងរួច ក៏ជិះត្រឡប់មកផ្ទះវិញ ខណៈមកតាមផ្លូវជនរងគ្រោះ ឈប់ម៉ូតូចាំមិត្តភក្ដិចុះទិញថ្នាំពេទ្យ ស្របពេលនោះ ក៏ទាញទូរស័ព្ទមកចុចលេង ស្រាប់តែមានជនសង្ស័យ ២នាក់ ជិះម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីម ស៊េរី២០២០ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1IJ-3626 មកពីក្រោយឆក់ទូរស័ព្ទពីដៃ ជនរងគ្រោះស្រែកចោរៗ ធ្វើឲ្យជនសង្ស័យភ័យខ្លាំងដួលម៉ូតូ បន្ទាប់ពីបើករត់គេចបានប្រមាណជា ១០០ម៉ែត្រ ត្រូវពលរដ្ឋចាប់ឃាត់ខ្លួនបាន ត្រង់ចំណុចស្តុប ២៤ម៉ោង តាមបណ្ដោយហាណូយកែង និងផ្លូវឧកញ្ញ៉ាម៉ុងរិទ្ធី ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្រោយពីកើតហេតុជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចធ្វើការនាំខ្លួនយកទៅសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕

មតិយោបល់