ព័ត៌មានជាតិ

បុរសម្នាក់ ជិះម៉ូតូបុកខឿនផ្លូវ បណ្តាលឲ្យរេចង្កូត ត្រូវរថយន្តបុកនិងកិនស្លាប់ ជាប់នៅក្រោមកង់រថយន្ត

កំពង់ឆ្នាំង: នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង០២និង២៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តនិងម៉ូតូបុកគ្នា បណ្តាលឲ្យស្លាប់បុរសម្នាក់ នៅផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៩១-៩២ ស្ថិតនៅក្នុងភូមិ២ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានម៉ូតូមួយគ្រឿង ម៉ាក ហុងដា C125 ពណ៌ខ្មៅ ផ្លាកលេខ ក.ឆ1D -4725 បើកបរដោយជនរងគ្រោះឈ្មោះ លឹម ស្រួយ ភេទប្រុស រស់នៅភូមិប្រាំបីឆោម ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មានទិសដៅពីកើតទៅលិច ម៉ូតូបើកបរក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ បានបុកខឿនចិញ្ចើមថ្នល់ផ្នែកខាងស្ដាំដៃរបស់ខ្លួន ហើយបានរេចង្កូតទៅបុករថយន្ត បណ្តាលឲ្យកិនស្លាប់នៅក្រោមកង់រថយន្តមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 3A-1879 បើកបរដោយឈ្មោះ វ៉ាន់ ចាន់ណា ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅក្នុងភូមិដោម ឃុំបាក់ស្នា ស្រុកបារាយណ៍ ខេត្តកំពង់ធំ ម្ចាស់រថយន្តបានរត់គេចខ្លួនបាត់ស្រមោល ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យ ដល់ទីតាំងខាងលើ ធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង ដើម្បីអនុវត្តន៍តាមនីតិវិធីផ្លូវច្បាប់។ សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចទាក់ទងទៅក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់