ព័ត៌មានជាតិ

សមត្ថកិច្ចជំនាញចុះត្រួតពិនិត្យ សិប្បកម្មផលិតប្រហិតមួយកន្លែងរកឃើញថា ច្បាប់អនុញាតិពុំទាន់ត្រឹមត្រូវ នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញៈ ទីតាំងសិប្បកម្មផលិតប្រហិតមួយកន្លែងស្ថិតនៅខាងក្រោយសាលាបឋមសិក្សាជម្ពូវ័ន ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានសមត្ថកិច្ចជំនាញ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងនគរបាលជំនាញមូលដ្ឋាន អាជ្ញាធរ ចុះទៅធ្វើការត្រួតពិនិត្យ លើផ្នែកផលិត អនាម័យ រក្សាការពារ គុណភាព ច្បាប់អាជីវកម្មផលិត នាព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ នេះ រកឃើញថាច្បាប់អនុញាតិពុំទាន់ត្រឹមត្រូវទៅតាមការស្នើសុំ មិនទាន់ត្រឹមត្រូវទៅតាមស្តង់ដារ អនាម័យ បិទផ្អាកជាបណ្តោះអាសន្ន ។

ម្ចាស់ទីតាំងខាងលើមានឈ្មោះ ព្រៃ សុភ័ក្រ ភេទប្រុស អាយុ ៣៧ឆ្នាំ មានទីលំនៅ ចំណុចខាងលើ ហើយទីតាំងខាងលើ ផលិតប្រហិត សាច់គោ សាច់ជ្រូក សាច់មាន់ ត្រី សាច់ចម្រុះ ក្តាម គ្រឿងសមុទ្រ ។

ក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងនគរបាលជំនាញ ដឹកនាំដោយលោក តាន់ គុណតារា អនុប្រធានខេលាធិការដ្ឋាន គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ សហការជាមួយកម្លាំងនគរបាលមូលដ្ឋាន អាជ្ញាធរមូលដ្ឋាន ក្រោមការសម្របសម្រួលពីលោក ចែ សុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានដឹកនាំកម្លាំងចុះធ្វើការត្រួតពិនិត្យ រាល់គុណភាព អនាម័យ ច្បាប់អាជីវកម្ម និងគុណភាព រកឃើញ ប្រហិតសាច់ជ្រូក ចំនួន១៥ធុង ស្មើ៤៥០០គីឡូក្រាម , ប្រហិតសាច់គោ ចំនួន១៦ធុង ស្មើ៤៨០០គីឡូក្រាម ,ប្រហិតសាច់ចម្រុះ២០០ថង់ ស្មើនឹង១០០០គីឡូក្រាម , ស្លាបមាន់ចំនួន១៩កេស ស្មើនឹង២៨០គីឡូក្រាម , កោះមាន់៥កេស ស្មើនឹង៦០គីឡូក្រាម , សាច់ក្របី ចំនួន១៤កេស ស្មើនឹង៦០គីឡូក្រាម , ត្រកៀបក្តាម ចំនួន១៨កេស ស្មើនឹង១៨០គីឡូក្រាម , សាច់បង្គា៤០កេស ស្មើនឹង៤០០គីឡូក្រាម , និងវត្ថុធាតុដើមសម្រាប់ផ្សំ ផលិត សរុបរួមជាង៧តោន ។

ក្រោយពីសមត្ថកិច្ចជំនាញ ត្រួតពិនិត្យរួចឃើញថា សិប្បកម្មខាងលើ – ពុំមានច្បាប់អនុញ្ញាតពីក្រសួងពាណិជ្ជកម្ម ។ – ទីតាំងផលិតខុសពីលិខិតបញ្ជាក់ ។ – សង្វាក់ផលិតកម្ម ពុំទាន់មានអនាម័យត្រឹមត្រូវ ។ – វិញ្ញាបនប័ត្របញ្ជាក់ពីគុណភាព ហួសសុពលភាព ។ – ផលិតផលប្រហិតដែលកំពុងផលិត ខុសពីផលិតផលដែលបានស្នើសុំ ចុះបញ្ជីផលិតផល (ចបផ) ។ – ផលិតផល៨ប្រភេទខាងលើ ពុំមានបិទ(ចបផ)លើសំបកវេចខ្ចប់នៅឡើយទេ ។

តាមសមត្ថកិច្ចលោកបានប្រាប់ឲ្យដឹងថា ទីតាំងសិប្បកម្មផលិតប្រហិតខាងលើ ក្រោមការសម្របសម្រួលពីលកព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចបិទផ្អាកដំណើរការជាបណ្តោះអាសន្ន ហើយផលិតផលមួយចំនួនត្រូវបានសមត្ថកិច្ចជំនាញយកទៅធ្វើតេស្ត ពិនិត្យ បន្តទៀត និងហៅម្ចាស់ទីតាំងទៅសាកសួរនៅក្រសួងមហាផ្ទៃផងដែរ ៕

មតិយោបល់