ព្រះសីហនុៈ កាលពីវេលាម៉ោង១០យប់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨ នៅចំណុចផ្លូវឧតុនិយម ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានករណី លួចមានស្ថានទម្ងន់ទោស ( ឆក់ទូរសព្ទដៃជនជាតិចិន ) មួយបានកើតឡើង ដោយមានជនសង្ស័យ២នាក់ ជិះម៉ូតូ១គ្រឿង បានធ្វើសកម្មភាពឆក់ទូរសព្ទដៃ១គ្រឿង ម៉ាក IPHONE X ពណ៌ខ្មៅ របស់ជនជាតិចិន ភេទប្រុស កំពុងដើរតាមផ្លូវនៅឧតុនិយម ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។
បន្ទាប់ពីទទួលបានដំណឹង កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ បានដើម្បីធ្វើការស្រាវជ្រាវ ស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ។ បន្ទាប់ពីកំណត់បានមុខសញ្ញា នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង៣រសៀល កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុង បានធ្វើការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ រួមទាំងជនសមគំនិតបានម្នាក់។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះជាជនជាតិចិន ភេទប្រុស ក្រោយពេលកើតហេតុ ជនរងគ្រោះមិនបានមកដាក់ពាក្យបណ្តឹងឡើយ ។
ក្នុងនោះដែរសម្ភារៈបាត់បង់រួមមាន ទូរសព្ទដៃ១គ្រឿង ម៉ាក IPhone-X ពណ៌ខ្មៅ ។
ចំណែកជនសង្ស័យចំនួន៣នាក់៖
១-ឈ្មោះ ហ៊ុយ សេងលី ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ សិស្ស មានទីលំនៅ ភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ (អ្នកបើកម៉ូតូ) ។
២-ឈ្មោះ វី ពិសិដ្ឋ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ កម្មករសំណង់ មានទីលំនៅ ក្រុម៣៥ ភូមិ៣ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ (ជិះពីក្រោយឆក់) ។
៣-ឈ្មោះ ខន ម៉ាប់ ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ក្រុម៣៥ ភូមិ៣ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ (សមគំនិត) ។
ដកហូតបាន ម៉ូតូម៉ាកស៊ុយសាគីនិច ពណ៌សលាយខ្មៅ ស្លាកលេខ ភ្នំពេញ 1CW-3419ចំនួន១ ។ បច្ចុប្បន្នជនសង្ស័យខាងលើរួមនិងវត្ថុតាង ត្រូវបានកម្លាំងករិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងចាត់ការតាមនីតិវិធី ៕
ចំពោះជនសង្ស័យខាងលើនេះ កម្លាំងករិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងចាត់ការតាមនីតិវិធី ៕
មតិយោបល់