ព័ត៌មានជាតិ

ម៉ូតូ២គ្រឿងបុកគ្នា បណ្តាលឲ្យឪពុកនិងកូនតូច រងរបួសធ្ងន់-ស្រាលទាំងពីរនាក់

តាកែវ: កាលពីវេលាម៉ោង១៥និង៥០នាទីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងម៉ូតូសណ្តោងរ៉ឺម៉ក់និងម៉ូតូ ក្នុងទិសដៅបញ្រ្ចាសគ្នា ពីលិចទៅកើត បណ្តាលឲ្យមនុស្ស២នាក់រងរបួសធ្ងន់-ស្រាល នៅលើផ្លូវខេត្តលេខ១២៣ ស្ថិតនៅចំណុចភូមិសីហា ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានម៉ូតូមួយគ្រឿងម៉ាក់ ហុងដា ស៊ីព្រូស ពណ៌ខ្មៅ លាយក្រហម សណ្តោងរ៉ឺម៉ក់គ្មានផ្លាកលេខ បើកបរពីលិចទៅកើត ដោយឈ្មោះ ពូន ប្រិល ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិតាញេនកើត ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ មកដល់ចំណុចកើតហេតុបានបើកជៀសផ្លាកសញ្ញាការដ្ឋានធ្វើផ្លូវ មកខាងឆ្វេងដៃ ដោយខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតម៉ាក ហុងដា C125 ជ្រុង ពណ៌ទឹកប៊ិច គ្មានផ្លាកលេខ បើកបរពីទិសខាងកើត ដោយឈ្មោះ យឿន ស្រី ភេទប្រុស អាយុ៣៣ឆ្នាំ ពាក់មួកសុវត្ថិភាព មានទីលំនៅភូមិក្រាំងធ្នង់ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ បណ្តាលឲ្យរងរបួសស្រាមានអ្នករួមដំណើរជាមួយឈ្មោះ យឿន សាក់ ភេទប្រុស អាយុ៤ឆ្នាំម្នាក់ ត្រូវជាកូនបង្កើត អ្នកបើកបរ បានរងរបួសធ្ងន់ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីជួយសង្រ្គោះបន្ទាន់ផងដែរ។

លុះបន្ទាប់ពីកើតហេតុរួច សមត្ថកិច្ចបានបានចុះទៅដល់ទីតាំងខាងលើ ធ្វើកំណត់ហេតុយកវត្ថុងតាងទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីធ្វើតាមនីតិវិធីផ្លូវច្បាប់៕

មតិយោបល់