ព័ត៌មានជាតិ

ដល់ថ្ងៃកម្មករបើកលុយ! ស្រាប់តែសមត្ថកិច្ច ចុះបង្ក្រាបទីតាំងផលិតបារីគ្មានច្បាប់ ចប់តែម្តង

ភ្នំពេញៈ រោងចក្រផលិតបារីរបស់របស់ក្រុមហ៊ុនចិនមួយកន្លែង គ្មានច្បាប់អនុញ្ញាត យ៉ីហោ BPA ដែលមានទីតាំងស្ថិតនៅផ្លូវបេតុង ភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានកម្លាំងលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតក្លែងក្លាយ ក្រសួងមហាផ្ទៃ រួមជាមួយកម្លាំងមូលដ្ឋាន អាជ្ញាធរមូលដ្ឋាន ចុះទៅបង្ក្រាប ដកហូតបានជាច្រើនកេស ឃាត់ទាំងថៅកែម្ចាស់ក្រុមហ៊ុន កាលពីរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ ។

ក្នុងប្រតិបត្តិការ ចុះបង្ក្រាបរោងចក្រផលិតបារី គ្មានច្បាប់ខាងលើ គឺមានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតក្លែងក្លាយ ក្រសួងមហាផ្ទៃ ប៉ូលិសចិន កម្លាំងសមត្ថកិច្ចមូលដ្ឋាន អាជ្ញាធរមូលដ្ឋាន ក្រោមការសម្របសម្រួលពីលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។

តាមសមត្ថកិច្ច បានឲ្យដឹងថា ទីតាំងក្រុមហ៊ុនខាងលើ ផលិតបារីចិន ច្រើនម៉ាក យ៉ីហោ អស់រយៈពេលជាង២ឆ្នាំមកហើយ មានកម្មករបម្រើការងារជាង១០០នាក់ ហើយក្រោយពីសមត្ថកិច្ចជំនាញ អង្គភាពពាក់ព័ន្ធ ធ្វើការស្រាវជ្រាវរកឃើញថា ការផលិតបារីរបស់ក្រុមហ៊ុនមួយនេះ គ្មានច្បាប់អនុញ្ញាតពីក្រសួងពាណិជ្ជកម្ម រកឃើញជនជាតិចិនចំនួន១៤នាក់ ជនជាតិវៀតណាមចំនួន៣នាក់ ស្នាក់នៅ និងធ្វើការងារអត់ច្បាប់នោះ សមត្ថកិច្ចក៏ធ្វើការឃាត់ខ្លួនតែម្ដង ។

បើតាមសម្តីកម្មករ បានឲ្យដឹងថា ពួកគាត់មិនដឹងថា រោងចក្រមួយនេះ ស្របច្បាប់ឬមិនស្របច្បាប់ គាត់មិនបានដឹងទេ ពួកគាត់ស៊ីឈ្នួលបម្រើការងារ ក្នុងម្នាក់បានកម្រៃជាង១០០ដុល្លារ លុះដល់សមត្ថកិច្ចជំនាញចុះឆែក ត្រួតពិនិត្យ ទើបដឹងថា គ្មានច្បាប់គ្រប់គ្រាន់ ក្នុងការផលិតទៅវិញ។

ក្រោយពីកម្លាំងជំនាញពិនិត្យ បង្ក្រាបរោងចក្រផលិតបារីគ្មានច្បាប់របស់ជនជាតិចិនខាងលើ ដោយមានការឯកភាព ពីលោកព្រះរាជអាជ្ញា សម្ភារក្នុងការប្រព្រឹត្តបទល្មើស វត្ថុធាតុដើមសម្រាប់ផលិត បារីជាច្រើនកេស ត្រូវបានរឹបអូស រីឯជនបរទេសមានជនជាតិចិនចំនួន១៤នាក់ ជនជាតិវៀតណាមចំនួន៣នាក់ ត្រូវបាននាំខ្លួនទៅកាន់នាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ។ ដោយឡែកកម្មករជាជនជាតិខ្មែរ ជាង១០០នាក់ ត្រូវបានសមត្ថកិច្ចសហការ ជាមួយក្រសួងការងារ ស្រង់ឈ្មោះ ដើម្បីរៀបចំបើកប្រាក់ខែ ហើយមិនឲ្យបន្តការងារនៅទីនោះបានទៀតទេ ព្រោះថា រោងចក្រ ត្រូវបានសម្រេចផ្អាកការងារលែងឲ្យដំណើរការទៀតហើយ៕

មតិយោបល់