ព័ត៌មានជាតិ

ជនជាតិចិនស្រវឹងស្រាបើករថយន្ត Range Rover បុកក្បាលព្រួញពុះចែកទ្រូងផ្លូវក្រឡាប់ផ្ងារជើងម្ខាង រងរបួសធ្ងន់

ភ្នំពេញ: បុរសជនជាតិចិនម្នាក់បើករថយន្តម៉ាក Range Rover ស៊េរីទំនើបមួយគ្រឿង បោះពួយក្នុងល្បឿនលឿនដូចហោះ ជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យក្រឡាប់ផ្ងាជើងម្ខាងឯរថយន្តបែកម៉ាស៊ីន ខូចខាតស្ទើរទាំង តៃកុងរងរបួសធ្ងន់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១យប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅចំណុចស្តុបចម្ការមន តាមបណ្តោយផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសជនជាតិចិនម្នាក់ បើករថយន្តស៊េរីទំនើបម៉ាក Range Rover ពណ៌ខ្មៅ មួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 2AL-2721 ធ្វើដំណើរទិសដៅពីត្បូងទៅជើង ក្នុងសន្ថានភាពស្រវឹងស្រាបោះពួយក្នុងល្បឿនលឿនដូចហោះ លុះដល់ចំណុចកើតហេតុខាងលើបានរេចង្កូតទៅខាងឆ្វេងដៃ ជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលបាក់អស់មួយកង់ ឯរថយន្តក្រឡាប់ផ្ងារជើងម្ខាង និងបែកម៉ាស៊ីនរងការខូចខាតស្ទើរទាំងស្រុង និងបន្សល់ទុកនូវលុយដុល្លារមួយចំនួននៅក្នុងរថយន្ត តៃកុងរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹក យកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។
.
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុក នៅការិយាល័យចរាចរផ្លូវគោករាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕

មតិយោបល់