ព័ត៌មានជាតិ

ផឹកស៊ីស្រវឹង ទាស់សម្ដីគ្នា! យុវជនម្នាក់ ត្រូវមិត្តភក្ដិទាញកាំបិតចាក់ បណ្ដាលឲ្យស្លាប់បាត់បង់ជីវិត

កណ្តាលៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា យុវជនដៃដល់ម្នាក់ បានយកកាំបិតចុងស្រួច ចាក់ទៅលើយុវជនម្នាក់ទៀត ដែលជាមិត្តភក្តិ ពេលកំពុងផឹកស៊ី បណ្ដាលឲ្យរងរបួសធ្ងន់ និងបានដាច់ខ្យល់ស្លាប់ ខណៈបញ្ជូនដល់មន្ទីរពេទ្យ។

ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៨និង៥៥នាទី ត្រង់ចំណុចភូមិក្បាលកោះកើត ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាល ។

មន្ត្រីនគរបាលស្រុកស្អាង បានឲ្យដឹងថា យុវជនសង្ស័យឈ្មោះ សឿង សំបូរ ហៅ ភ្លោះធំ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ (គេចខ្លួន)។ ចំណែកយុវជនរងគ្រោះឈ្មោះ លី ពិសី ហៅពីរ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងថតរូប។ យុវជនសង្ស័យ និងយុវជនរងគ្រោះ មានទីលំនៅភូមិក្បាលកោះកើត ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាល។

ប្រភពដដែលបន្តថា យុវជនសង្ស័យ និងយុវជនរងគ្រោះគឺជាមិត្តភក្តិនឹងគ្នា នៅថ្ងៃកើតហេតុ អ្នកទាំងពីរ បាននាំគ្នាផឹកស៊ី ហើយបានទាស់ពាក្យសម្តីគ្នា រហូតធ្វើឲ្យយុវជនសង្ស័យ យកកាំបិតចុងស្រួច មកចាក់លើយុវជនរងគ្រោះ បណ្ដាលឲ្យរបួសធ្ងន់ ហើយយុវជនសង្ស័យ បានគេចខ្លួនបាត់ស្រមោល ។

ក្រោយពីកើតហេតុ យុវជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ ដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅ តែជាអកុសល បានដាច់ខ្យល់ស្លាប់ ខណៈបញ្ជូនដល់មន្ទីរពេទ្យ។ ចំណែកជនសង្ស័យ សមត្ថកិច្ចកំពុងស្រាវជ្រាវ ដើម្បីចាប់ខ្លួនយកមកចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់