ភ្នំពេញៈ យុវជនម្នាក់ ដោយសារឥទ្ធិពលគ្រឿងញៀន ជ្រួតជ្រាបពេញខ្លួន បង្កអុកទ្បុកក្នុងគ្រួសារ ធ្លាប់ត្រូវអ្នកផ្ទះប្តឹង ប៉ូលិសចាប់ខ្លួនដាក់ចូលមណ្ឌលច្រើនលើកច្រើនសារ តែមិនរាងទ្បើយ ពេលត្រលប់មកវិញ នៅតែប្រព្រឹត្តដូចមុនដដែល ទើបត្រូវបាន ចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច។
ហេតុការណ៍នេះ កើតទ្បើងកាលពីវេលាម៉ោង៣រសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ នៅក្នុងភូមិព្រៃល្វា សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ។
យុវជនខាងលើមានឈ្មោះ ផុន ចំរើន ហៅតាប់ អាយុ២៧ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុ ធ្លាប់ប្រើប្រាស់ថ្នាំញៀនយូរខែឆ្នាំមកហើយ ដោយក្រុមគ្រួសារ បានប្តឹងឲ្យសមត្ថកិច្ចចាប់ឃាត់ខ្លួនចំនួន៣លើកផងដែរ ព្រោះសេពគ្រឿងញៀន តែងវាយបំផ្លិចបំផ្លាំរបស់ទ្រព្យក្នុងផ្ទះ អុកឡុកក្នុងគ្រួសារ។
តាមមេភូមិរង បានឲ្យដឹងថា យុវជនរូបនេះ មិនស្តាប់តាមដំបូន្មានឪពុកម្តាយ ដោយទើបចេញពីមណ្ឌលកែប្រែបាន២ខែ មកដល់យប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ ខឹងសុំលុយម្តាយមិនបាន រករឿងបង្កហិង្សា វាយខ្ទេចចានឆ្នាំង ម្តាយខឹងប្តឹងប៉ូលិស អាជ្ញាធរ ចុះទៅឃាត់ យុវជនខាងលើ ប៉ុន្តែដឹងខ្លួនមុន ក៏រត់គេចខ្លួនបាត់។ រហូតមកដល់រសៀលថ្ងៃទី២២ នេះ លេចមុខចូលផ្ទះ វាយបំបែកឆ្នាំងបាយ ទើបនាំគ្នាព័ន្ធចាប់ខ្លួន តាមបណ្តឹងក្រុមគ្រួសារ ។
ជនសង្ស័យក្រោយពីមានបណ្តឹងពីក្រុមគ្រួសារ ត្រូវបានកម្លាំងប្រជាការពារ ពលរដ្ឋក្បែរខាង ជួយចាប់ឃាត់ នាំខ្លួនប្រគល់ឲ្យទៅនគរបាលប៉ុស្តិ៍ចោមចៅ២ ដើម្បីណែរនាំសារជាថ្មី ហើយនេះ ក៏ជាលើកទី៤ផងដែរ ដែលចាប់ខ្លួន ៕
មតិយោបល់