ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីខឹងជនរងគ្រោះជេរម៉ែ ដោយទ្រាំមិនបានយកខ្សែក្រវ៉ាត់រឹតកស្លាប់តែម្ដង

ព្រះសីហនុៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កម្លាំងនគរបាលខេត្តព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឃាតកម្មគិតទុកជាមុន។ ប្រតិបត្តិការខាងលើបានធ្វើឡើងនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង៤នឹង០០នាទី។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថាជនសង្ស័យឈ្មោះ ថៃ រ៉េត (ហៅគុន) ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរកម្មករ មានស្រុកកំណើត ស្រុកថ្មគោល ខេត្តបាត់ដំបង បច្ចុប្បន្នរស់នៅភូមិឫទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ពីបទឃាតកម្មគិតទុក ជាមុន។ ប្រព្រឹត្តកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ វេលាម៉ោងប្រហែល៩និង០០នាទី ស្ថិតនៅភូមិឫទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ទៅលើជនរងគ្រោះឈ្មោះទូច ចក់ អាយុ៣១ឆ្នាំ មុខរបរកម្មករ មានស្រុកកំណើតភូមិចំការខ្នុរ ឃុំកែវផុស ស្រុកស្ទឹងហាវ បច្ចុប្បន្នរស់នៅភូមិឫទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
លោកស្នងការបានបន្តថាតាមការសាកសួរជនសង្ស័យបានឆ្លើយថាខ្លួនខឹងជនរងគ្រោះជេរម៉ែជាយូមកហើយ រហូតនៅថ្ងៃទី១៥ សីហា ទើបខ្លួនបានផឹកស៊ីជាមួយជនរងគ្រោះ បន្ទាប់មកបានដើរតាមពីក្រោយជនរងគ្រោះ ហើយមានឱកាសក៏យកដៃគ្រៀកកជនរងគ្រោះពីក្រោយជាប់ ហើយយកខ្សែក្រវ៉ាត់រឹតកជនរងគ្រោះរហូតដល់ស្លាប់តែម្ដង។
បច្ចុប្បន្នសង្ស័យត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ៕

 

មតិយោបល់