កណ្ដាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ០៩កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង២១និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក រវាងរថយន្តនិងរថយន្ត បណ្ដាលឲ្យរបួសធ្ងន់មនុស្សម្នាក់និង ខូចខាតរថយន្ត០២គ្រឿង លើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ ៣៨-៣៩ ត្រង់ចំណុចភូមិស្ពានថ្មី ឃុំរកាកោង២ ស្រុកមុខកំពូល ខេត្តកណ្ដាល ។
នៅថ្ងៃកើតហេតុខាងលើ មានរថយន្តមួយគ្រឿងម៉ាក ហ៊ីយិនដាយ ពណ៌ស គ្មានពាក់ផ្លាកលេខ អ្នកបើកបរ (រត់គេចបាត់) ចតនៅលើទ្រូងផ្លូវ ក្នុងទិសដៅពីត្បូងទៅជើង ស្របពេលនោះ ក៏មានរថយន្តមួយគ្រឿងម៉ាក កាមរី ពណ៌ក្រហម ពាក់ផ្លាកលេខភ្នំពេញ 2E-8217 បើកបរដោយឈ្មោះ អ៊ិត បូរី ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិអណ្ដូងតាអុង ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម ។ ធ្វើដំណើរពីត្បូង ទៅជើង (ពីភ្នំពេញទៅកំពង់ចាម) ស្របទិសគ្នា ហើយបានមកបុករថយន្ត ហ៊ីយិនដាយ ដែលចតលើទ្រូងផ្លូវខាងលើបណ្ដាលឱ្យរបួសធ្ងន់ ដល់អ្នកបើកបររថយន្តកាមរី ហើយបានបញ្ចូនទៅព្យាលបាលនៅពេទ្យភ្នំពេញ ។
ក្រោយពីទទួលព័ត៌មានកម្លាំងប៉ុស្តិ៍រការកោង២ និងកម្លាំងជំនាញ បានចុះទៅដល់កន្លែងកើតហេតុ ហើយបានពិនិត្យកន្លែងកើតហេតុ និងវាស់វែង រួចយករថយន្តទាំង២មករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល ដើម្បីចាត់ការតាមនីតិវិធី ៕
មតិយោបល់