ក្រុមមន្ត្រីសេតវិមានបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការទាក់ទងរបស់សហរដ្ឋអាមេរិកជាមួយពួកអ្នកគ្រប់គ្រងក្រុមតាលីបង់នៃប្រទេសអាហ្វហ្កានីស្ថាន បានចូលក្នុងដំណាក់ការមិនប្រាកដប្រជាថ្មីមួយ នៅពេលក្រុមមន្ត្រីសហរដ្ឋអាមេរិក បន្តធ្វើការជម្លៀសពលរដ្ឋអាមេរិកាំងប្រហែល១រយនាក់ដែលស្ថិតនៅក្នុងប្រទេសនោះនៅឡើយ។
ក្នុងខណៈនោះដែរ ក្រុមមន្ត្រីតាលីបង់បានបង្ហាញថា រដ្ឋាភិបាលរបស់ខ្លួនដែលទើបតែកកើត បានពង្រឹងចំណងទាក់ទងជាមួយប្រទេសចិន និងប្រទេសផ្សេងទៀត។
អ្នកនាំពាក្យសេតវិមានលោកស្រី Jen Psaki បានបញ្ជាក់ថា សហរដ្ឋអាមេរិកលែងគ្រប់គ្រងដែនអាកាសប្រទេសអាហ្វហ្គានីស្ថានហើយ។ លោកស្រីបាននិយាយថា រហូតមកទល់ពេលនេះ មនុស្ស៣១.១០៧នាក់នៃមនុស្ស ១សែន ២ម៉ឺននាក់ ត្រូវបានដឹកមកសហរដ្ឋអាមេរិក។
មន្ត្រីរដ្ឋបាលសហរដ្ឋអាមេរិក បានហៅការដឹកជញ្ជូនតាមយន្តហោះនេះ ជាកិច្ចការធំបំផុតក្នុងប្រវត្តិសាស្ត្រ។
នៅថ្ងៃព្រហស្បតិ៍នោះដែរ អ្នកនាំពាក្យនៃក្រុមតាលីបង់ បានសរសេរសារលើបណ្តាញសង្គម Twitter ថា មន្ត្រីកំពូលតាលីបង់ម្នាក់ បាននិយាយជាមួយមន្ត្រីកំពូលរបស់ចិន។
លោក Suhail Shaheen ជាអ្នកនាំពាក្យរបស់ក្រុមនេះ បាននិយាយនៅក្នុងសារតាម Twitter ថា «អនុរដ្ឋមន្ត្រីក្រសួងការបរទេសចិនបាននិយាយថា ពួកគេនៅតែរក្សាទុកស្ថានទូតនៅក្នុងរដ្ឋធានីកាប៊ុល ដោយលោកបន្ថែមទៀតថា ទំនាក់ទំនងរបស់យើងនឹងកើនឡើង បើប្រៀបធៀបទៅនឹងអតីតកាល»។
ទីភ្នាក់ងារព័ត៌មានបារាំង AFP បានរាយការណ៍ថា មិនមានការបញ្ជាក់ភ្លាមៗពីរដ្ឋាភិបាលក្រុងប៉េកាំងទេ។
ក្រុមមន្ត្រីតាលីបង់ផ្សេងទៀតបាននិយាយតាម Twitter ថា ពួកគេបានធ្វើជំនួបការទូតជាមួយចក្រភពអង់គ្លេស និងអាល្លឺម៉ង់។ ប្រទេសកាតា និងតួកគី ក៏កំពុងជួយរដ្ឋាភិបាលអាហ្វហ្គានីស្ថានថ្មីរៀបចំអាកាសយានដ្ឋានសំខាន់មួយក្នុងរដ្ឋធានីកាប៊ុល។
លោកស្រី Psaki បាននិយាយថា សហរដ្ឋអាមេរិក ឥឡូវនេះ កំពុងឃ្លាំមើល និងមិនទាន់ធ្វើការជាមួយរដ្ឋាភិបាលថ្មី ដែលគ្មានការបោះឆ្នោតនោះទេ។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Ned Price បាននិយាយថា អង្គភាពការទូត ក៏នឹងធ្វើការដោយប្រយ័ត្នប្រយែងក្នុងការផ្តល់ជំនួយដល់រដ្ឋាភិបាលថ្មីនោះ៕
មតិយោបល់