ព័ត៌មានជាតិ

ក្រុមចោរប្រដាប់អាវុធមួយក្រុម ធ្វើសកម្មភាពយកកាំភ្លើងខ្លីមួយដើមភ្ជង់ប្លន់យកម៉ូតូ និងលុយចំនួន២,៥០០ដុល្លារ ពីយុវជនម្នាក់បានសម្រេច

ភ្នំពេញៈ កាលពីវេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ នៅចំណុចក្បែររបងសាកលវិទ្យាល័យភូមិន្ទកសិកម្ម តាមបណ្ដោយផ្លូវបេតុង ក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ រឹម រ៉ាឌី ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរលក់ដូរ នៅផ្សារប៉េសេ ស្នាក់នៅកន្លែងកើតហេតុ ផ្ទះអត់លេខ ផ្លូវបេតុង ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ ។

ដំណើររឿង៖ នៅមុនពេលកើតហេតុ រូបគាត់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1HZ-8790 តែម្នាក់ឯង ចេញពីផ្សារប៉េសេដែលជាកន្លែងលក់ដូរ របស់គាត់ដូចសព្វដង ។ ខណៈរូបគាត់ ជិះម៉ូតូទៅដល់ខាងមុខផ្ទះរបស់ខ្លួនដែលជាចំណុចកើតហេតុ ស្រាប់តែលេចមុខក្រុមជនសង្ស័យមានគ្នាចំនួន ២នាក់ ជិះម៉ូតូមួយគ្រឿង មិនចាំម៉ាកមកឈប់ជិតម៉ូតូរបស់គាត់ រួចជនសង្ស័យម្នាក់ក្នុង ចំណោមបក្ខពួក ២នាក់នេះ បានដើរមកជិតរូបគាត់ និងបាននិយាយទៅកាន់រូបគាត់ថា ” ពួកខ្ញុំសុំធ្វើការឆែកឆេរ បន្តិចបន្តួច ” ។ ភ្លាមៗ នោះដែរ ជនសង្ស័យខាងលើក៏បានដកកាំភ្លើងខ្លីមួយដើមមិនស្គាល់ម៉ាកមកអាម៉េ និងភ្ជង់ប្លន់យកម៉ូតូរបស់គាត់ រួមទាំង កាបូបស្ពាយ ដែលរូបគាត់ស្ពាយជាប់និងខ្លួន ។ ដោយសាររូបគាត់ភ័យខ្លាចជនសង្ស័យបាញ់ ក៏ព្រមប្រគល់កាបូប និងម៉ូតូឲ្យទៅក្រុមជនសង្ស័យ ។ រួចក្រុមជនសង្ស័យក៏បាននាំគ្នាឡើងជិះម៉ូតូគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោលទៅ ដោយបន្សល់ទុកគ្រាប់កាំភ្លើងចំនួន១គ្រាប់ជ្រុះនៅកន្លែងកើតហេតុ។ ជនរងគ្រោះបានបន្តថា នៅក្នុងកាបូបស្ពាយដែលជនសង្ស័យប្លន់យកទៅរួមជាមួយនិងម៉ូតូ គឺមានទូរស័ព្ទដៃម៉ាកOPPO មួយគ្រឿង ម៉ាកIphone7+ម៉ាកគ្រឿង និងលុយចំនួន២,៥០០ដុល្លារ រួមទាំងសម្ភារមួយចំនួនទៀត។
ករណីនេះសមត្ថកិច្ចធ្វើការស្រាវជ្រាវតាមស្វែងរកមុខជនសង្ស័យចាប់យកមកផ្តន្ទាទោសទៅតាមច្បាប់ ៕

មតិយោបល់