យោងតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា នៅថ្ងៃ២៩ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៩.២០នាទី ចំណុចតូបលក់កាហ្វេ មុខផ្ទះលេខ០២ ផ្លូវ៤០២ ក្រុម១៩ ភូមិ៣ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង កម្លាំងសមត្ថកិច្ច ប៉ុស្ដិ៍នគរបាលរដ្ឋបាល ទំនប់ទឹក ខណ្ឌបឹងកេងកង បានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ជ័រ សុភ័ក្ត ភេទ ប្រុស ជនជាតិខ្មែរ អាយុ ៣២ ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិដើមច័ន្ទ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះសុខ ស៊ីដេត កំពុងលក់កាហ្វេក្នុងតូប មុខផ្ទះលេខខាងលើនៅពេលនោះ ជនរងគ្រោះទៅទុកក្នុងផ្ទះដោយទុកទូរស័ព្ទ នៅក្នុងតូបរួចក៏ចូលក្នុងផ្ទះ បានត្រលប់មកលក់វិញពេលនោះ ស្រាប់តែបានឃើញជនសង្ស័យស្ទុះចេញពីក្នុងតូបលក់កាហ្វេ ដោយបានកាន់ទូរស័ព្ទដាក់នៅក្នុងហោប៉ៅខាងឆ្វេង ហើយរត់យ៉ាងលឿនតាមបណ្ដោយផ្លូវ១៨៧ ជនរងគ្រោះបានស្រែកថាចោរៗ និងស្រែកឱ្យគេជួយ ក៏ត្រូវឃាត់ខ្លួនជនសង្ស័យបានជាក់ស្ដែងជាមួយ និងវត្ថុតាង។
ពេលនោះកម្លាំងសមត្ថកិច្ច ដែលកំពុងល្បាតបានឃើញហេតុការណ៍ បានចូលទៅអន្តរាគមន៍ ឃើញជនសង្ស័យ មានស្នាមរបួសពកថ្ងាស និងបែកក្បាលហូរឈាម សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យមកទីស្នាក់ការប៉ុស្ដិ៍។
វត្ថុតាងដកហូតមាន៖ ទូរសព្ទដៃ០១ គ្រឿងម៉ាក I phone 11 Pro Max ពណ៍បៃតង ត្រូវបានប្រគល់ជូនជនរងគ្រោះ។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌបឹងកេងកង ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់៕
មតិយោបល់