ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីធ្វើឱ្យខូចខាតទ្រព្យសម្បត្តិ​ ដោយចេតនា

បន្ទាយមានជ័យៈ យោងតាមពាក្យបណ្ដឹងចុះថ្ងៃទី០២​​​​ ខែកញ្ញា ឆ្នាំ២០២០ របស់ជនរងគ្រោះឈ្មោះ ទាវ សម្បត្តិ ភេទស្រី អាយុ៦៣ឆ្នាំ ត្រូវជាម្ដាយក្មេកជនសង្ស័យ រស់នៅភូមិ/សង្កាត់ កោះពងសត្វ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ពីករណីធ្វើឱ្យខូចខាតដោយចេតនា កាលពីវេលាម៉ោង២២ និង១៥នាទី ថ្ងៃទី០១ខែកញ្ញាឆ្នាំ២០២០ ដែលបង្កឡើងដោយជនសង្ស័យឈ្មោះ ឡុង ពុច ភេទប្រុស អាយុ៤២ឆ្នាំ ដែលត្រូវជាកូនប្រសារ។

ក្រោយពីទទួលបានពាក្យបណ្ដឹងលោក វរៈសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការ មូលដ្ឋាន អាវុធហត្ថ ក្រុងសិរីសោភ័ណ បានដឹកនាំកម្លាំងចុះដល់កន្លែងកើតហេតុ ហើយធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ឡុង ពុច និងដកហូតបានពូថៅចំនួនមួយដើម យកមកមូលដ្ឋាន អាវុធហត្ថក្រុង ដើម្បីធ្វើការសាកសួរ។

លោក វរៈសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានឱ្យដឹងថា ក្រោយពីសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនគេបានឈ្លោះគ្នាជាមួយប្រពន្ធ ហើយប្រពន្ធរបស់ខ្លួនបានរត់ទៅផ្ទះម្ដាយរបស់គេធ្វើឱ្យខ្លួនមានកំហឹងយ៉ាងខ្លាំង ទើបខ្លួនយកពូថៅទៅកាប់ទ្វារផ្ទះបណ្ដាលឱ្យបែកកញ្ចក់ និងកាប់សរសរផ្ទះថែមទៀតផង ហើយក៏ត្រឡប់មកផ្ទះវិញខ្លួនវិញ។

ក្រោយពីបានចម្លើយសារភាព និងមានវត្ថុតាងផងនោះ កម្លាំងជំនាញព្រហ្មទណ្ឌ អាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋាន អាវុធហត្ថ ខេត្តដើម្បីចាត់ការបន្ត។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងព្រហ្មទណ្ឌ អាវុធហត្ថខេត្ត កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីផ្លូវច្បាប់៕

មតិយោបល់