ព័ត៌មានជាតិ

មន្ត្រីជំនាញរកឃើញ ទឹកដោះគោ សម្រាប់ចិញ្ចឹមទារក និងកុមារ ពុំមានភាពប្រក្រតី

ត្បូងឃ្មុំៈ យោងតាមផេក អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ បានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ១រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ នេះ មន្ត្រីសាខា ក.ប.ប. ខេត្តត្បូងឃ្មុំ ដោយទទួលបានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងគណៈកម្មការផ្សារ បានបន្តចុះត្រួតពិនិត្យគុណភាពផលិតផល និងស្លាកសញ្ញាជាអក្សរខ្មែរ លើផលិតផលម្សៅទឹកដោះគោ នៅផ្សារថ្នល់ទទឹង ស្ថិតក្នុងស្រុកត្បូងឃ្មុំ។គោលដៅសំខាន់នៃការត្រួតពិនិត្យគឺដើម្បីស្រាវជ្រាវទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់ ។

ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យភាពគុណភាព និងស្លាកសញ្ញាជាអក្សរខ្មែរ លើផលិតផលម្សៅទឹកដោះគោ ស្របតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម លេខ ២៣៨៣ ពណ. អ.កបប ចុះថ្ងៃ ២៨ កក្កដា ២០២០ ពាក់ពន្ធ័នឹងផលិតផលសម្រាប់ចិញ្ចឹមទារក និង កុមារ ជាពិសេស មន្ត្រីសាខា ក.ប.ប. បានផ្សព្វផ្សាយអនុក្រឹត្យលេខ ១៣៣ ស្តីអំពីផលិតផលចិញ្ចឹមទារក និងកុមារ លើសម្បកវេចខ្ចប់ម្សៅទឹកដោះគោផងដែរ។

ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញផលិតផលទឹកដោះគោមួយចំនួន ពុំបានបំពេញតាមលក្ខខណ្ឌតម្រូវអំពីខ្លឹមសារនៃស្លាកសញ្ញាចំពោះផលិតផលសម្រាប់ចិញ្ចឹមទារក និងកុមារដែលចែងក្នុងអនុក្រឹត្យលេខ១៣៣ ត្រង់ចំណុចមួយចំនួន ដូចខាងក្រោម៖
១-គ្មានស្លាកសញ្ញាជាអក្សរខ្មែរ
២-ពុំមានឃ្លា គ្មានអ្វីប្រសើរជាងការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់រហូតដល់៦ខែ ហើយបន្តការបំបៅទឹកដោះម្តាយរហូតដល់២ឆ្នាំឬលើស។
៣-ពុំមានបង្ហាញពីផលប៉ះពាល់គ្រោះថ្នាក់ចំពោះការប្រើប្រាស់ផលិតផលមុនអាយុ។
៤-ពុំមានឃ្លាបញ្ជាក់ មុននឹងប្រើប្រាស់ត្រូវពិគ្រោះយោបល់ជាមួយមន្ត្រីសុខាភិបាល។

ទន្ទឹមនោះ មន្ត្រីសាខាបានធ្វើកំណត់ហេតុបញ្ឈប់ការដាក់តាំងលក់ជាបណ្តោះអាសន្នទៅតាមនីតិវិធី ៕

មតិយោបល់